(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា បញ្ហាទេសន្តប្រវេសន៍តែងតែមានភាពប្រឈមតិច ឬច្រើន ហើយក្នុងដំណាក់កាល នៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ ការធ្វើទេសន្តរប្រវេសន៍ រឹតតែប្រឈមខ្លាំង ហើយក៏អាចអូសបន្លាយបន្តទៀតក្នុងរយៈពេលវែង ហេតុដូចនេះ កិច្ចការពារពលករទាំង នៅក្នុងប្រទេសកំណើត និងប្រទេសគោលដៅនានា ដែលពលករបានធ្វើទេសន្តរប្រវេសន៍ គឺជាភារកិច្ចចាំបាច់ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវយកចិត្តទុកដាក់។
ការលើកឡើងបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងឱកាស ដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) នៅទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា ជនទេសន្តរប្រវេសន៍ដែលតែងទទួលរង នូវភាពប្រឈមពីការធ្វើទេសន្តរប្រវេសន៍ ជាអ្នកស្វែងរកការងារ ឬជាជនភៀសខ្លួនពីតំបន់មានគ្រោះអាសន្នជាដើម ហើយបើតាមការស្រាវជ្រាវ នៅទូទាំងពិភពលោក ជនទេសន្តរប្រវេសន៍ភាគច្រើន ដែលស្ថិតក្នុងស្ថានភាពលំបាក និងរងគ្រោះ ភាគច្រើនជាអ្នកដែលគ្មានជំនាញ និងចាកចេញពីប្រទេសដោយមិនស្របច្បាប់។
សម្ដេចបានបន្ថែមថា ជនទេសន្តរប្រវេសន៍ដែលប្រថុយប្រថានចាកចេញ ដោយខ្វះកិច្ចការពារពីប្រព័ន្ធច្បាប់ តែងត្រូវបានជនឆ្លៀតឱកាស កេងប្រវ័ញ្ចយកផលចំណេញពីស្ថានភាពទ័លច្រករបស់អ្នកទាំងនោះ ដោយធ្វើការជួញដូរមនុស្ស រំលោភបំពាន កេងប្រវ័ញ្ចកម្លាំងពលកម្មធ្ងន់ធ្ងរ តាមបែបទាសភាព ធ្វើឱ្យធ្លាក់ខ្លួនជរា ពិការ វង្វេងស្មារតី បាត់បង់ភាពជាមនុស្ស ឬរហូតដល់បាត់បង់ជីវិតផងដែរ។
ជាងនេះទៀត សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យបញ្ហាទេសន្តរប្រវេសន៍ រឹតតែប្រឈមខ្លាំង និងបានឱ្យប្រទេសដែលទទួលពលករ ក៏ប្រឈមខ្លាំងទៅនឹងភាពប្រែប្រួលជាអវិជ្ជមាន នៃចរន្តសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចក្នុងស្រុក ដែលជំរុញឱ្យដំណើរការ នៃរោងចក្រសហគ្រាស និងវិស័យសេវាកម្មនានារាំងស្ទះ និងត្រូវផ្អាកដំណើរការជាបន្តបន្ទាប់។
សម្ដេចក្រឡាហោមបានបន្ថែមថា ក្នុងអំឡុងពេលដែលប្រទេសគោលដៅមានការរឹតបន្តឹង និងបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺខូវិដ ១៩ ព្រមជាមួយគ្នានោះ ប្រទេសកម្ពុជាបាននឹងកំពុងទទួលសង្គ្រោះពលករ ដែលវិលត្រឡប់មកវិញ ដោយគេចវេសពីស្ថានភាពលំបាកក្នុងប្រទេសគោលដៅ និងព្យាយាមឆ្លងដែនដោយខុសច្បាប់ និងតាមច្រកមិនផ្លូវការ។
ពាក់ព័ន្ធនឹងការងារទេសន្តរប្រវេសន៍ សម្តេក្រឡាហោម ស ខេង លើកឡើងពីវិស័យសំខាន់៤ ពាក់ព័ន្ធនឹងបញ្ហាទេសន្តរប្រវេសន៍ ដែលក្រសួងមហាផ្ទៃ រួមជាមួយតំណាងពីអន្តរក្រសួងនឹងយកមកពិភាក្សា ដើម្បីរៀបចំដាក់បញ្ចូលនូវគោលបំណងរួម ដែលជាលទ្ធផល ទៅក្នុងផែនការសកម្មភាពឆ្នាំបន្តបន្ទាប់ ក្នុងការធានាថា ការធ្វើទេសន្តរប្រវេសន៍របស់ប្រជាជនកម្ពុជា ទៅប្រទេសគោលដៅទាំងឡាយ ក៏ដូចជា ជនទេសន្តរប្រវេសន៍ដែលមកពីប្រទេសក្រៅ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា នឹងប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់។
សម្រាប់វិស័យទាំង០៤ ពាក់ព័ន្ធនឹងបញ្ហាទេសន្តរប្រវេសន៍ ដែលសម្តេចក្រឡាហោម បានលើកឡើងរួមមាន៖
* ទី១៖ ការការពារជនទេសន្តរប្រវេសន្ត៖ ទាំងជនទេសន្តរប្រវេសន្តប្រក្រតី និងជនទេសន្តរប្រវេសន៍មិនប្រក្រតី ទាំងអ្នកដែលមានគម្រោង ចាកចេញទៅធ្វើការក្រៅប្រទេស ទាំងអ្នកដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស ទាំងអ្នកវិលត្រឡប់មកវិញ។
* ទី២៖ ការគ្រប់គ្រងទិន្នន័យ៖ ការរៀបចំប្រព័ន្ធទិន្នន័យសម្រាប់កត់ត្រា និងគ្រប់គ្រងឱ្យបានជាក់លាក់ នូវទិន្នន័យ ជនទេសន្តរប្រវេសន្តទាំងប្រក្រតី និងមិនប្រក្រតី ដើម្បីងាយស្រួលក្នុងការដាក់វិធានការឆ្លើយតប ទៅនឹងស្ថានភាពនានា ដែលជាភាពប្រឈមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
* ទី៣៖ ការគាំទ្រដំណើរការ នៃការវិលត្រឡប់ និងការធ្វើសមាហរណកម្មជនទេសន្តរប្រវេសន៍៖ ត្រូវការរៀបចំគោលនយោបាយ វិធានការ និងនីតិវិធីជាក់លាក់ដោយមានកិច្ចសហការជាមួយរដ្ឋាភិបាល នៃប្រទេសពាក់ព័ន្ធ ដើម្បីទទួលបានទិន្នន័យលក្ខខណ្ឌនៃការបញ្ជូន វិធីបញ្ជូនជាពិសេសការកំណត់វិធានការការពារស្រ្តី និងកុមារ ដែលសង្ស័យថារងគ្រោះ ជាពិសេសដោយអំពើជួញដូរមនុស្ស។
* ទី៤៖ ការកំណត់ និងការផ្តល់អត្តសញ្ញាណដោយស្របច្បាប់ ជាពិសេសសម្រាប់កូនរបស់ជនទេសន្តរប្រវេសន្តកម្ពុជា ដែលបានកើតនៅក្រៅប្រទេសកម្ពុជា។
សូមជម្រាបជូនថា គិតចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានពលករកម្ពុជា ដែលវិលត្រឡប់ពីការធ្វើទេសន្តរប្រវេសន៍ ក្នុងអំឡុងកូវីដ-១៩ មានប្រមាណ១០ម៉ឺន ៣ពាន់នាក់ និងស្រ្តីប្រមាណ៤៥ភាគរយ៕