(ភ្នំពេញ)៖ នគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញមុខក្រុមចោរប្លន់ លួច ចែកចាយគ្រឿងញៀន និងតែងតែកាច់កញ្ចក់រថយន្ត លួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន ៣នាក់ ក្រោយពេលបង្ក្រាបជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានថ្ងៃនេះ ។
អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានថ្លែងថា កម្លាំងនគរបាលរបស់លោកបានចាប់ខ្លួនជនសង្ស័យម្នាក់ នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបេតុងក្រុម២ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈដែលជននេះបានលួច បើកទ្វាររថយន្តយកកាបូបស្ពាយរបស់ជនរងគ្រោះ។ ជនសង្ស័យដែលត្រូវចាប់ខ្លួនរូបនេះមានឈ្មោះ ខុង ជឿនណារិន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យរូបនេះ លោកវរសេនីយ៍ឯក ម៉ក់ ហុង បានធ្វើការដុតដៃដុតជើង ដឹកនាំមន្ត្រីជំនាញក្រោមឱវាទស្រាវជ្រាវ ដោយបានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រុករកបក្ខពួកជនសង្ស័យ ២នាក់បន្ថែមទៀត។
លោក ម៉ក់ ហុង បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ វង្ស សារ៉ាវុទ្ធី អាយុ២១ឆ្នាំ មុខរបរ និងការស្នាក់នៅមិនពិតប្រាកដ (ឃាត់នៅចំណុចភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ) ដោយដកហូតបាន ម៉ូតូម៉ាកហុងដា C125 ផលិតឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1O-1421។ ជនសង្ស័យទី២ ឈ្មោះ ឌីម រិទ្ធី អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួននៅភូមិថ្មរគោលសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ) ដកហូតបានម៉ូតូចំនួន ៣គ្រឿងមានដូចជា ម៉ាកហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ គ្មានស្លាកលេខ, ម៉ូតូម៉ាក ហ្វីណូ ពណ៌ស ពាក់ស្លាកលេខ ភព 1CT-8771 និងម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភព 1CK-8263 ព្រមទាំងជញ្ជីងថ្លឹងសារធាតុញៀនចំនួន១ ផងដែរ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះមក លោក ម៉ក់ ហុង បានស្រាវជ្រាវសាវតារជាតិជនសង្ស័យទាំង ៣នាក់នោះឃើញថា ពួកគេគឺជាជនសកម្មក្នុងការលួចប្លន់ និងជាមុខសញ្ញាចែកចាញជួញដូរគ្រឿងញៀន ក្នុងរាជធានីភ្នំពេញ ព្រមទាំងបណ្តាខេត្តមួយចំនួនផងដែរ៕