(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩ មានពលករកម្ពុជាប្រមាណ ១០,៣០០០នាក់ ក្នុងនោះមានស្ត្រីប្រមាណ ៤៥ភាគរយ ត្រូវបានអាជ្ញាធរជួយសង្គ្រោះ។
ការបញ្ជាក់បែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខា សាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្តីពី «កតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ ប្រកបដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់»។
សិក្ខាសាលានេះ ប្រព្រឹត្តធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នព័ន្ធ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អភិបាលរាជធានី-ខេត្ត ព្រមទាំងមានការតអញ្ជើញចូលរួមពីសំណាក់លោកស្រីប្រធានបេសកម្មនៃអង្គការ IOM និងជាតំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានពលករកម្ពុជា ដែលវិលត្រឡប់ពីការធ្វើទេសន្តរប្រវេសន៍ ក្នុងអំលុងរាតត្បាតជំងឺកូវីដ-១៩ មានប្រមាណ ១០,៣០០០នាក់ ក្នុងនោះមានស្ត្រីប្រមាណ៤៥ភាគរយ យើងបាននឹងកំពុងទទួលសង្គ្រោះពលករដែលត្រឡប់មកវិញ ដោយព្យាយាមឆ្លងដែនដោយខុសច្បាប់ និងតាមច្រកមិនផ្លូវការគេចវេស្តពីស្ថានភាពលំបាកក្នុងប្រទេសគោលដៅ ក្នុងអំលុងពេលដែលប្រទេសគោលដៅកំពុងរឹតបន្តឹង ឬបិទប្រទេសដើម្បីកាត់បន្ថយនូវជំងឺកូវីដ-១៩»។
ពាក់ព័ន្ធនឹងចំណុចនេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តថា ស្ថានភាពបែបនេះនឹងមិនអាចបញ្ចប់ដោយឆាប់បាននោះទេ ហើយក៏អាចអូសន្លាយបន្តទៀត ក្នុងរយៈពេលវែង ហេតុនេះ កិច្ចការពារពលករ និងទេសន្តរប្រវេស៍ គឺជាកិច្ចការដ៏ចាំបាច់ដែលគប្បីយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាពីប្រទេសដើម និងប្រទេសគោលដៅ។
សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា កតិកាសញ្ញានេះ គឺផ្តើមចេញពីកង្វល់របស់ពិភពលោក ជុំវិញបញ្ហាទេសន្តរប្រវេសន៍ ដែលតែងតែប្រឈមនូវភាពប្រឈមពីការធ្វើទេសន្តរប្រវេសន៍ ស្វែងរកការងារ ឬជាជនភៀសខ្លួនចេញពីតំបន់មានហានិភ័យខ្ពស់ជាដើម។
សម្តេចក្រឡាហោម ស ខេង បានបគូសបញ្ជាក់ថា បើតាមការស្រាវជ្រាវនៅទូទាំងពិភពលោក ត្រូវបានរកឃើញថាជាទូទៅជនទេសន្តរប្រវេសន៍ភាគច្រើនដែលគ្មានជំនាញ និងមិនស្របច្បាប់ច្រើនស្ថិតនៅក្នុងស្ថានភាពលំបាក និងរងគ្រោះច្រើនជាងអ្នកដែលមានការបញ្ជូនដោយស្របច្បាប់។ ជនទេសន្តរប្រវេសន៍ដែលចាក់ចេញដោយប្រថុយប្រថានខ្លះខ្វះ កិច្ចសហការការពារពីប្រព័ន្ធច្បាប់ តែងត្រូវបានជនឆ្លៀតឱកាសកេងប្រវ័ញ្ចយកចំណេញពីស្ថានភាពទាល់ច្រករបស់អ្នកទាំងនោះ ដោយធ្វើការជួញដូរ រំលោភបំពាន តាមបែបទេសភាព ធ្វើឱ្យជនរងគ្រោះធ្លាក់ខ្លួនជាជនជរា ពិការ រង្វេងស្មារតី បាត់បង់ភាពជាមនុស្ស ឬរហូតដល់បាត់បង់ជីវិតថែមទៀតផងដែរ។
ទន្ទឹមនឹងនេះដែរ សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមថា «នៅក្នុងដំណាក់កាលបច្ចុប្បន្ន ការធ្វើទេសន្តរប្រវេសន៍ រឹតតែត្រូវប្រឈមយ៉ាងខ្លាំង ដោយហេតុថា ការតរាតត្បាតនៃជំងឺកូវីដ-១៩ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ ព្រមជាមួយគ្នានេះប្រទេសមួយចំនួនបាននឹងកំពុងតែកើនឡើងនូវចំនួនអ្នកឆ្លងថ្មី យ៉ាងច្រើនលើសលប់ជារៀងរាល់ថ្ងៃ ស្ថានភាពនេះ បានធ្វើឱ្យប្រទេសទទួលពលករប្រឈមខ្លាំងទៅនឹងភាពប្រែប្រួលជាអវិជ្ជមាននៃចរន្តសេដ្ឋកិច្ចក្នុងស្រុក និងសេដ្ឋកិច្ចពិភពលោកដែលជំរុញឱ្យដំណើរការរោងចក្រសហគ្រាស និងវិស័យសេវាកម្មនានារាំងស្ទះ ឬក៏ត្រូវផ្អាកដំណើរការជាបន្តបន្ទាប់»។
សូមជម្រាបថា កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ គឺជាប្រកខណ្ឌទូលំទូលាយទីមួយរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័ត តាមរយៈកិច្ចការពិភាក្សា អន្ដររដ្ឋាភិបាល ដើម្បីធ្វើឱ្យកិច្ចសហការអន្ដរជាតិមានភាពល្អប្រសើរ ក្នុងអភិបាលកិច្ចទេសន្ដរប្រវេសន៍ជាសកល និងត្រូវបានឯកភាពគាំទ្រដោយមហាសន្និបាត អង្គការសហប្រជាជាតិ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងញ៉ូយ៉ក ដែលមានសមាជិកចូលរួមចំនួន ១៥២ប្រទេស៕