(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងសហការជាមួយ រដ្ឋាភិបាលនៃបណ្តាប្រទេសទាំងក្នុងតំបន់ និងក្នុងពិភពលោក ព្រមទាំងអង្គការជាតិ-អន្តរជាតិ និងវិស័យឯកជនដើម្បីរួមគ្នាប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស នៅកម្ពុជា។

ដោយឡែកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានទទួលអណត្តិពីរាជរដ្ឋាភិបាល ក្នុងការការពារ និងការផ្តល់សេវាគាំទ្រ ដល់ជនរងគ្រោះ បានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការពារជនរង គ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ច សហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។

ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ ក៏ការការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅមិនទាន់បានឆ្លើយតប បានទាំងស្រុងនៅឡើយទេ ជាពិសេស ការផ្តល់សេវា និងការបញ្ជូនជនរងគ្រោះទៅរក សេវាសមស្របនៅមានកម្រិត។

នេះជាការលើកឡើងរបស់លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាង លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ១សេចក្តីព្រាងចុងក្រោយ នៃគោលការណ៍ណែនាំស្តីពីយន្តការបញ្ចូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស» រៀបចំធ្វើនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក ញ៉ឹក វណ្ណារ៉ា បានថ្លែងឲ្យដឹងថា ដោយយោងលើតម្រូវការចាំបាច់ខាងលើនេះ ក្រសួងសង្គមកិច្ច បានសហការយ៉ាងជិតស្និទ្ធជាមួយសកម្មភាព អង្គការសហប្រជាជាតិ ដើម្បីសហប្រតិបត្តិការប្រឆាំងអំពើជួញដូរមនុស្ស (UN-ACT) អង្គការ UN Women អង្គការ រតនៈអន្តរជាតិ និងអង្គការក្តីសង្ឃឹម និងយុត្តិធម៌ ដែលបានគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាក្នុងដំណើរការកសាង គោលការណ៍ណែនាំ ស្តីពីការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជាពិសេសក្នុងការរៀបចំសិក្ខាសាលា ពិគ្រោះយោបល់នេះឡើង។

លោកបានបន្ថែមថា ថ្ងៃនេះសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសេចក្តីព្រាងចុងក្រោយនៃគោលការណ៍ ស្តីពីការបញ្ជូនជន រងគ្រោះដោយអំពើជួញដូរមនុស្ស ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលយោបល់ និងធាតុចូលសម្រាប់កែ សម្រួល និងបញ្ចប់សេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

លោក ញ៉ឹក វណ្ណារ៉ា បានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពថែមទៀត នូវការបញ្ជូន និងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស យើងចាំបាច់ត្រូវកសាងគោលការណ៍ណែនាំជាក់លាក់រួមមួយ ដែលមានលក្ខណៈចូលរួម មានន័យថាការកសាងគោល ការណ៍នេះត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធនានា ដោយរួមមាន ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងភ្នាក់ងារ អង្គការសហប្រជាជាតិ នៅគ្រប់ដំណាក់កាលនៃការកសាងឯកសារ ។

លោកសម្តែងក្តីសង្ឃឹមជឿជាក់ថា មន្រ្តីគ្រប់រូប នឹងខិតខំអស់ពីកំលាំងកាយ កំលាំងចិត្ត ដើម្បីពិភាក្សា និងផ្តល់មតិ យោបល់ដ៏មានតម្លៃ ដល់សិក្ខាសាលានេះ ដើម្បីឲ្យក្រុមការងារបច្ចេកទេស បានកែសម្រួលសេចក្តីព្រាងគោលការណ៍ កាន់តែមានប្រសិទ្ធភាពខ្ពស់ និងបម្រើឧត្តមប្រយោជន៍ដល់ជនរងគ្រោះរបស់យើង ។

បន្ថែមពីលើនេះ លោក ញ៉ឹក វណ្ណារ៉ា បានថ្លែងអំណរគុណ ដល់ UN-ACT អង្គការ UN Worren អង្គការរតនៈអន្តរជាតិ និងអង្គការក្តីសង្ឃឹម និង ដែលបានឧបត្ថម្ភគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងល្អប្រសើរដល់ក្រសួង ស.អ.យ ក្នុងដំណើរ ការរៀបចំបង្កើត និងកែសម្រួលសេចក្តីព្រាងគោលការណ៍ណែនាំ ជាពិសេស បានផ្តល់ការគាំទ្រសម្រាប់ដំណឺរការ រៀបចំសិក្ខាសាលានេះផងដែរ៕