(កោះកុង)៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានថ្លែងជំរុញ ឱ្យរដ្ឋបាលស្រុកនីមួយៗ ត្រូវបន្តអនុវត្តន៍ និងរៀបចំផែនការគ្រប់គ្រងថែរក្សាអនាម័យបរិស្ថាន និងការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន និងតាមដងផ្លូវសាធារណៈ ឱ្យមានសោភ័ណ្ឌ ភាពហេដ្ឋារចនាសម្ព័ន្ធ បានស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកចូលរួមកំសាន្តឲ្យមានកំណើនខ្ពស់ ជាពិសេសការគ្រប់គ្រងសំរាមសំណល់រឹង ក្នុងទីប្រជុំជនឲ្យបានល្អ និងធ្វើការផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋក្នុងការធ្វើអនាម័យថែរក្សាបរិស្ថានឲ្យញឹកញាប់ផងដែរ។
លោក អ៊ុក ភ័ក្ត្រា បានថ្លែងជំរុញដូចនេះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំពិភាក្សា និងជំរុញឲ្យអាជ្ញាធរចំនួន៥ស្រុកមានស្រុកថ្មបាំង ស្រុកកោះកុង ស្រុកបូទុមសាគរ ស្រុកគីរីសាគរ ស្រុកស្រែអំបិល ទាក់ទងនិងការកសាងផែនការគ្រប់គ្រងសំណល់រឹង ដែលបានរៀបចំឡើងនៅរដ្ឋបាលស្រុកស្រែអំបិល។
លោក អ៊ុក ភ័ក្រ្តា បានថ្លែងបន្តថា អាជ្ញាធរខេត្តមានសេចក្តីសោមនស្សរីករាយដែលបានចុះជួបអាជ្ញាធរក្រុមប្រឹក្សាគណៈអភិបាលគ្រប់ស្រុក និងមន្ត្រីរាជការផ្ទាល់ នៅមូលដ្ឋាន។ លោកក៏បានសម្តែងនូវការកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលស្រុកស្រែអំបិល ដែលបានអនុវត្តន៍បានជាផ្លែផ្កានាពេលកន្លងមក ដើម្បើលើកស្ទួយដល់វិស័យបរិស្ថាន និងសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងវិស័យទេសចរណ៍។
លោក អ៊ុក ភ័ក្រ្តា បានបញ្ជាក់ថា រដ្ឋបាលខេត្តនិងក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង នឹងជួយនូវ បច្ចេកទេសសម្រាប់ការរៀបចំផែនការ និងសកម្មភាពចាំបាច់ផ្សេងទៀត ដើម្បីឱ្យការងារគ្រប់គ្រងសំរាមសំណល់រឹងនៅទីប្រជុំជននៅក្នុងខេត្ត មានយន្តការច្បាស់លាស់ ចូលរួមចំណែកក្នុងការអនុវត្តគំនិតផ្តួចផ្តើមកាត់បន្ថយសំរាមក្នុងសមុទ្រ ដែលបានដាក់ចេញឱ្យអនុវត្តកាលពីកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ នៃបណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាពរបស់អង្គការ PEMSEA នៅទីក្រុងសែមិន ប្រទេសចិន។
លោក អ៊ុក ភ័ក្រ្តា បានបញ្ជាក់ទៀតថា ការងារផ្សព្វផ្សាយព័ត៌មានក៏ជាការងារសំខាន់ផងដែរ ដែលក្រុមការងារបានអនុវត្តនាពេលកន្លងមក ពិតជាទទួលបានលទ្ធផលល្អ ដោយបានផ្សព្វផ្សាយ តាមរយៈគេហទំព័រ និងហ្វេសប៊ុករដ្ឋបាលខេត្តកោះកុងផងដែរ៕