(ភ្នំពេញ)៖ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញនោះ ត្រូវបានអះអាងថាមិនមានជំងឺកូវីដ១៩នោះទេ បន្ទាប់ពីចាប់ដាក់ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីអស់រយៈពេល ១៤ថ្ងៃនៅក្នុងខេត្តកំពង់ចាម។ ស្ត្រីរូបនេះ នឹងត្រូវអនុញ្ញាតឱ្យចេញពីកន្លែងធ្វើចត្តាឡីស័កទៅកាន់ផ្ទះរបស់ខ្លួននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះហើយ។
សូមរំលឹកថា ស្ត្រីឈ្មោះ រ៉ូស វីរា នេះ កាលពីថ្ងៃទី១៧ ខែកក្កដា បានលួចរត់ចេញពីកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ។ បន្ទាប់មកអាជ្ញាធរបានរកឃើញគេសម្ងំលាក់ខ្លួននៅក្នុងខេត្តកំពង់ចាម ហើយក៏បានរៀបចំឱ្យរូបគេធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មី។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះថា បន្ទាប់ពីដាក់ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីរយៈពេល១៤ថ្ងៃ ហើយពិនិត្យសុខភាពជាថ្មីចំនួនពីរដងរួចមក ស្ត្រីរូបនេះមិនមានរោគសញ្ញាជំងឺកូវីដ១៩នោះទេ។ លោកអភិបាលខេត្ត បានបន្ថែមថា ស្ត្រីរូបនេះនឹងត្រូវអនុញ្ញាតឱ្យចេញពីមណ្ឌលចត្តាឡីស័កនៅថ្ងៃនេះផងដែរ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងដែរថា «ក្រុមការងារចត្តាឡីស័កកំពុងរៀបចំឲ្យស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងលោកស្រី រ៉ូស វីរ៉ា ដើម្បីចាកចេញពីមណ្ឌលចត្តាឡីស័ក បន្ទាប់ពីពិនិត្យមិនមានរោគសញ្ញាជំងឺកូវីដ១៩នោះទេ ក្នុងរយៈពេលគ្រប់១៤ថ្ងៃ។ នៅវេលាម៉ោងប្រមាណជាង១១ព្រឹកថ្ងៃនេះគាត់នឹងចាកចេញហើយ»។
សូមបញ្ជាក់ថា ស្ត្រីរូបនេះបានរងការពិន័យប្រាក់ចំនួន ១លានរៀលផងដែរ ព្រោះតែការលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក៕