(កំពង់ឆ្នាំង)៖ ដោយមានការខ្វល់ខ្វាយ និងយកចិត្តទុកដាក់ទៅលើផលដំណាំរបស់ប្រជាកសិករ នៅតាមមូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានសហការគ្នាចុះពិនិត្យ ដំណាំស្រូវ និងប្រព័ន្ធធារាសាស្រ្តទំនប់អាចាំង ដែលជាប្រព័ន្ធស្រោចស្រពរបស់ប្រជាកសិករនៅឃុំចំនួន៩ ក្នុងស្រុកបរិបូណ៌ ដែលបង្ហូរចេញពីទំនប់អាចាំង ដើម្បីបង្ហូរចូលស្រោចស្រពស្រែរបស់ប្រជាកសិករ ដោយផ្ដល់លទ្ធភាពឲ្យកសិករ អាចធ្វើស្រែបាន២ដងក្នុងមួយរដូវ។
ក្នុងការចុះពិនិត្យដំណាំស្រូវ និងប្រព័ន្ធធារាសាស្ត្រខាងលើនេះ លោកប្រធានមន្ទីរទាំងពីរក៏បានជួបជាមួយនឹងកសិករ និងបានផ្ដល់នូវបទពិសោធន៍មួយចំនួនជូនដល់ កសិករក្នុងការបង្កបង្កើនផលស្រូវ ដែលធ្វើយ៉ាងណាឱ្យទទួលបានទិន្នផលខ្ពស់ និងផ្ដល់នូវបច្ចេកទេសការចោះដាក់លូ និងទុយោដើម្បីបំបែកនាំយកទឹកចេញពីប្រឡាយមេទៅស្រោចស្រពស្រូវស្រែ របស់ពួកគាត់ឲ្យបានគ្រប់គ្រាន់ នឹងអាចបង្កើនក្នុងការធ្វើស្រែឲ្យបានពីរដងក្នុងមួយរដូវ គឺដើមរដូវ និងចុងរដូវ។
បងប្រុសម្នាក់ជាកសិកររស់នៅក្នុងភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ បានឲ្យដឹងថា សព្វថ្ងៃនេះក្នុងភូមិរបស់គាត់ប្រជាកសិករ ដែលអាចធ្វើស្រែពីរដងក្នុងមួយរដូវ បានគឺមានផ្ទៃដីសរុប១៥ហិកតា ការបង្កើនការធ្វើស្រែពីរដងក្នុងមួយរដូវនេះ គឺពួកគាត់ធ្វើបានរយៈពេល៣ឆ្នាំជាប់គ្នាមកហើយ ដោយចាប់តាំងពីពួកគាត់ទទួលបាន ពូជស្រូវសែនក្រអូបនេះ ពីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដែលបានចែកពូជដល់ពួកគាត់ ពូជស្រូវនេះផងដែរទទួលបានទិន្នផលខ្ពស់ គឺក្នុងមួយហិកតាទទួលបានផលពី៤ទៅ៥តោន។
លោក ងិន ហ៊ុន បានឱ្យដឹងដែរថា នៅក្នុងខេត្តកំពង់ឆ្នាំង ចំពោះការងារដាំដុះដំណាំស្រូវវស្សា ដែលគិតមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ គឺអនុវត្តបាន ១២៤,០០០ហិកតា លើផែនការ១២ម៉ឺន២ពាន់ គឺអនុវត្តបានលើសផែនការស្មើនឹង១០២ភាគរយ លើផ្ទៃដីដែលអនុវត្តបាន។ ដោយឡែកនៅស្រុកបរិបូណ៌ប្រជាកសិកអនុវត្ត ការដាំដុះបានប្រមាណជាង៣ម៉ឺនហិកតា លើផែនការ២ម៉ឺន៧ពាន់ហិកតា ដោយសារតែនៅស្រុកបរិបូណ៌នេះ គឺមានទំនប់អាចាំង នឹងមានប្រឡាយមេជាច្រើនខ្សែ សម្រាប់ស្រោចស្រពលើផលដំណាំរបស់ប្រជាកសិករ ដោយមិនរំពឹងទៅលើទឹកភ្លៀងទាំងស្រុងនោះទេ ដូច្នេះនៅក្នុងឃុំមួយចំនួនក្នុងស្រុកបរិបូណ៌នេះ ប្រជាកសិករ អាចធ្វើស្រូវបានពីរដងក្នុងមួយរដូវផងដែរ។
រីឯការប្រមូលផលស្រូវដើមរដូវវិញ មកដល់ពេលនេះប្រជាកសិករប្រមូលបានប្រមាណជាង២ពាន់ហិកតារួចមកហើយ ដោយទទួលបានទិន្នផលពី៤ទៅ៥តោន ក្នុងមួយហិចតាចំពោះស្រូវសែនក្រអូប។ ស្រូវនេះប្រជាកសិករក៏អាចលក់ចេញបានក្នុងមួយគីឡូក្រាម តម្លៃពី១០០០ទៅ ១១០០រៀលចំពោះស្រូវស្រស់ (ស្រូវសើម)។
លោក ដោក ប៊ុនថុន បានឱ្យដឹងដែរថា ចំពោះប្រព័ន្ធស្រោចស្រពប្រឡាយទឹកអាចាំង គឺកសាងឡើងសម្រាប់បង្ហូរទឹកស្រោចស្រព ស្រូវស្រែរបស់ប្រជាកសិករ ដែលមាន ៩ឃុំ ក្នុងស្រុកបរិបូណ៌ ហើយប្រព័ន្ធប្រឡាយអាចាំងនេះ បាននាំទឹកចេញពីប្រភពស្ទឹងបរិបូណ៌ ដោយបង្ហូរតាមប្រឡាយមេជាច្រើនខ្សែ ដើម្បីបង្កការងាយស្រួលដល់ប្រជា កសិករបម្រើដល់វិស័យកសិកម្មពិសេស គឺដំណាំស្រូវ។
លោក ដោក ប៊ុនថុន បានឱ្យដឹងទៀតថា ក្រោមការដឹកនាំរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ដែលលោកបានបង្កើតក្រុម ដើម្បីគាំទ្រលើវិស័យដាំដុះនៅតំបន់អាចាំងនេះ នៅពេលដែលក្រសួងធនធានទឹកបានកសាងប្រឡាយអាចាំងនេះ រួចរាល់មក សម្ដេចបានឃើញមានទឹកគ្រប់គ្រាន់ហើយនោះ ក៏បានបង្កើតក្រុមដើម្បីគាំទ្រដល់ប្រជាកសិករ សម្រាប់ផ្ដល់នូវបទពិសោធន៍ ឬបច្ចេកទេសផ្សេងៗដល់ប្រជាកសិករ ក្នុងការប្រឹក្សាអំពីការដាំដុះ ធ្វើយ៉ាងណាឱ្យទទួលបានទិន្នផលល្អ។
បន្ទាប់ពីមើលឃើញមានការចាំបាច់ ចំពោះការនាំទឹកចេញពីប្រឡាយមេបង្ហូរបញ្ចូលស្រែ របស់ប្រជាកសិករជាបន្តនោះ លោកប្រធានមន្ទីរធនធានទឹក ក៏បានអនុញ្ញាត និងផ្ដល់ជាសម្ភារដូចជាលូ និងទុយោ រួមទាំងបច្ចេកទេសដល់ប្រជាកសិករ ក្នុងការបំបែកលូបង្ហូរទឹកចេញពីប្រឡាយមេបង្ហូរចូលប្រឡាយតូចៗ ដែលជាករណីបន្ទាន់ ដើម្បីស្រោចស្រពដល់ស្រូវស្រែរបស់ប្រជាកសិករ ដែលជួបការរាំងស្ងួតខ្វះខាតទឹកកន្លងមក បានជាច្រើនកន្លែងផងដែរ។
លោកប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ឆ្នាំង ក៏បានមានប្រសាសន៍ដែរថា ភាពជោគជ័យក្នុងការបង្កបង្កើនផល របស់ប្រជាកសិករខាងលើនេះ គឺជាការខិតខំប្រឹងប្រែង ដោយមិនគិតពីការនឿយហត់របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលលោកបានប្រែក្លាយដីស្រែរបស់ប្រជាកសិករ ដែលកន្លងមក ធ្លាប់ធ្វើស្រែបានតែមួយដងក្នុងមួយរដូវ ឲ្យទៅជាធ្វើបាន២ដងក្នុងមួយរដូវ និងសំបូរទឹកគ្រប់គ្រាន់ ដើម្បីស្រោចស្រពផលដំណាំនូវគ្រប់រដូវ និងថែមទាំងទទួលបាន ទិន្នផលខ្ពស់ផងដែរ៕