(ភ្នំពេញ)៖ ឪពុកម្តាយរបស់ក្មេងស្រីអាយុ៥ឆ្នាំ ដែលរងគ្រោះដោយស្រ្តីចិត្តឆៅម្នាក់ យកកាំបិតវះមុខ និងអារច្រមុះនៅក្នុងបុរី បានបង្ហាញការបារម្ភអំពីស្លាកស្នាមលើផ្ទៃមុខកូនស្រីទៅថ្ងៃអនាគត ខណៈដែលក្មេងនេះ បានចាកចេញពីមន្ទីរពេទ្យរយៈពេលជិត១សប្តាហ៍មកហើយ ជាមួយនឹងការបន្សល់ទុកនូវស្លាកស្នាមមួយចំនួន។
ក្នុងកិច្ចសម្ភាសជាមួយ Fresh News នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក វន្នី ឪពុកក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា កូនស្រីរបស់លោក បានចាកចេញពីមន្ទីរពេទ្យកុមារជាតិ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ដែលរហូតមកដល់ពេលនេះមានរយៈពេលជិត១សប្តាហ៍មកហើយ។ លោកអះអាងថា នៅផ្នែកខាងក្រៅនៃរបួសកូនស្រីជាសះហើយ ប៉ុន្តែនៅខាងក្នុងសាច់របស់នាង នៅឈឺនៅឡើយ។ ដោយឡែកស្លាកស្នាមនៅមើលឃើញធំ ប៉ុន្តែក្រុមគ្រួសារនៅរង់ចាំមើលមួយរយៈពេលទៀត។
លោកបានបញ្ជាក់បន្ថែមថា គ្រូពេទ្យបាននិយាយថា រឿងស្នាមលើផ្ទៃមុខកូនស្រីរបស់លោក នៅថ្ងៃខាងមុខ មិនអាចលុបបំបាត់ទាំងស្រុងទេ គ្រាន់តែអាចមានស្លាកស្នាមតិច ឬច្រើនតែប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា គ្រូពេទ្យបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងព្យាបាលឱ្យអស់ពីសមត្ថភាព។ លោកក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងសប្បុរសជននានា ដែលក្នុងនោះមានទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ ដែលបានចូលរួមឧបត្ថម្ភជួយដល់កូនស្រីរបស់លោក។
ក្មេងស្រី ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ ត្រូវបានស្ដ្រីចិត្តឆៅឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ដែលជាអ្នកជិតគ្នា យកកាំបិតវះមុខ អារច្រមុះ និងអារដៃ យ៉ាងព្រៃផ្សៃកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅមុខគេហដ្ឋានរបស់ជនដៃដល់ស្ថិតនៅបុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសារតែខឹងនឹងក្មេងនេះ បានគប់កូនប្រុសរបស់នាងអាយុ២ឆ្នាំ របួស។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងនាំយកទៅសាកសួរភ្លាមៗក្រោយកើតហេតុ និងត្រូវបានបញ្ជូនទៅតុលាការកាលពីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ ស្រ្តីរូបនេះ ត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៨ ខែកក្កដា ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃោរឃៅ និងទារុណកម្ម មានស្ថានភាពទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ ដែលធ្វើឱ្យជនត្រូវចោទប្រឈមនឹងផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ៕