(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន២០គ្រួសារ មកពី៦ភូមិ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខនេះដែរ លោក ឌី រ័ត្នខេមរុណ បាននាំនូវប្រសាសន៍ផ្តាំផ្ញើរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បេីទោះបីជា សម្តេចមិនបានអញ្ជេីញដោយផ្ទាល់ ក៏សម្តេចតែងតែ មានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ ជាពិសេស គឺ ជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់ប្រជាពលរដ្ឋទាំងអស់ គ្រប់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយឡើយ និងពាំនាំនូវសារគន្លឹះស្តីពីបញ្ហាសុខភាព ជុំវិញការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការបង្ការជំងឺឆ្លងនានាដែលអាចកេីតមាននៅក្នុងរដូវវស្សានេះ។
លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា បានបន្តទៀតថា «អ្វីដែលកម្ពុជាយេីងកំពុងប្រឹងប្រែងធ្វេីនេះ គឺទប់ស្កាត់ឱ្យខានតែបានការឆ្លងរាលដាលវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ អនុវត្តនូវវិធានការនានារបស់ ក្រសួងសុខាភិបាល ត្រូវបង្កេីនការយល់ដឹងអំពីសារសំខាន់នៃការធ្វេីចត្តាឡីស័កចំពោះអ្នកចំណូលស្រុក ការរក្សាគំលាតសង្គម ការរក្សាអនាម័យ។ល។ ហេីយក្រៅអំពីការទប់ស្កាត់នូវការចម្លងវីរុសកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្ន ចំពោះការលេចឡើង នូវជំងឺគ្រុនឈីក (CHIK) សារជាថ្មីឡើងវិញ ដែល នេះអាចជាបញ្ហាសុខភាពសាធាណៈមួយទៀត ដែល ប្រឈមទៅនឹងហានិភ័យ ឆ្លងរាលដាលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីគ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយទៀតជាដើម តាមរយៈមូសខ្លាញី ដែលចល័តពី កន្លែងមួយទៅកន្លែងមួយតាមមធ្យោបាយធ្វើដំណើរផ្សេងៗ និងតាមទីកន្លែងដែលមិនមានអនាម័យបរិស្ថានស្អាត និងទីកន្លែងដែលបង្ករឲ្យមានជម្រកមូសខ្លាច្រើនជាដើម។
* យាងណាមិញ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា បើគិតត្រឹមថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២០នេះ ការប្រកាសរបស់ក្រសួងសុខាភិបាល ប្រទេសកម្ពុជា ចំនួនអ្នកឆ្លង COVID-19 មានចំនួន ២៣៣ នាក់ ស្រី ៤៦ នាក់។
* ចំនួនអ្នកជាសះស្បើយ ទូទាំងប្រទេស ចំនួន ១៥៤ នាក់ ស្រី ៤០ នាក់។
* អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៧៧ នាក់។
១៖ នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៥ នាក់ ស្រី ០២ នាក់
២៖ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ៥៧ នាក់ ស្រី ០២ នាក់។
៣៖ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានចំនួន ១៥ នាក់ ស្រី ០០ នាក់
* អ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ជាស្រ្តីជនជាតិអាមេរិកកាំង ០២ នាក់។
* ជាចុងបញ្ចប់ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូខាងក្រោម៖
១៖ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុល ជែល។
២៖ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។
៣៖ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។
៤៖ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។
៥៖ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។
៦៖ ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។
* អំណោយដែលទទួលបានពីអនុសាខាខណ្ឌមានជ័យ ក្នុងមួយគ្រួសារៗ រួមមាន៖
- អង្ករ ១បាវ ៣០គីឡូ, មី ១កេស, ទឹកត្រី ២ដប, ទឹកស៉ីអ៉ីវ ២ដប, ទឹកសុទ្ធ ១យួរ, ត្រី ខ ៤ កំប៉ុង , រួមទាំងថវិកាចំនួន ២០,០០០ រៀល ក្នុងមួយគ្រួសារ ផងដែរ៕