(ចាកាតា)៖ ប៉ូលីសប្រទេសឥណ្ឌូនេស៊ី ទើបតែទប់ស្កាត់ក្រុមភេរវករ ដែលគ្រោងវាយប្រហារប្រទេសឥណ្ឌូនេស៊ីជាថ្មី នៅទីតាំងបី កន្លែងផ្សេងគ្នា។ ប្រតិបត្តិការទប់ស្កាត់ការវាយប្រហាររបស់ក្រុមភេរវករ បានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីរដ្ឋធានីចាកាតា រងការវាយប្រហារដោយអាវុធ និងការបំផ្ទុះគ្រាប់បែក បណ្តាលឲ្យមនុស្សប្រាំបីនាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការលើកឡើងរបស់ប៉ូលីសចាកាតា ក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ។
គម្រោង នៃការវាយប្រហារនេះ ត្រូវបានរៀបចំឡើងដោយមនុស្ស ៧នាក់ ស្ថិតក្នុងចំណោមជនសង្ស័យទាំង ១៣នាក់ ដែលត្រូវបានចាប់ខ្លួនពីបណ្តាខេត្តផ្សេងៗគ្នា បន្ទាប់ពីការវាយប្រហារទាំងកណ្តាលថ្ងៃ នៅតាមបណ្តោយដងផ្លូវ Thamrin កណ្តាលរដ្ឋធានីចាកាតា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ៕