(ភ្នំពេញ)៖ ដើម្បីជម្នះឧបសគ្គទាំងឡាយ ក្នុងដំណើរឆ្ពោះទៅកាន់ភាពជោគជ័យ របស់សិស្សានុសិស្សតាមប្រព័ន្ធសិក្សាពីចម្ងាយ (Online) សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានសហការជាមួយ Quality Matters (QM) ដែលជាស្ថាប័នឈានមុខគេ ក្នុងការធានាគុណភាពអប់រំ ក្នុងបរិបទសិក្សាបែបឌីជីថល និងប្រកបដោយនវានុវត្តន៍។
តាមរយៈសមាជិកភាព ក្នុងស្ថាប័នធានាគុណភាពអប់រំ Quality Matters សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានលទ្ធភាពប្រើប្រាស់ដំណើរការ រង្វាយតម្លៃគុណភាពអប់រំ ដែលមានភាពពេញលេញ និងផ្អែកលើការ ស្រាវជ្រាវក្នុងការបង្កើត និងអភិវឌ្ឍមុខវិជ្ជាសិក្សាពីចម្ងាយនានា ដែលមានភាពទាក់ទាញ និងងាយស្រួល ក្នុងការសិក្សា។
ធនធាន ក៏ដូចជាឧបករណ៍សិក្សានានា ដែលផ្តល់បន្ថែមដោយស្ថាប័ននេះ អាចឲ្យសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ធ្វើការវាយតម្លៃការអភិវឌ្ឍកម្មវិធីសិក្សា និងមុខវិជ្ជាសិក្សា ដើម្បីធានាថា តម្រូវការចាំបាច់នានារបស់សិស្សានុសិស្ស ក្នុងការសិក្សាពីចម្ងាយក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានឆ្លើយតបយ៉ាងមានប្រសិទ្ធិភាព។
ស្ថាប័នធានា គុណភាពអប់រំ QM ក៏នឹងផ្តល់នូវកម្មវិធីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈផ្សេងៗ ដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ទាំងអស់សំដៅពង្រឹង និងអភិវឌ្ឍជំនាញសំខាន់ៗនានា ក្នុងការបង្កើត និងផ្តល់ជូនកម្មវិធីអប់រំពីចម្ងាយ។
តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានឲ្យដឹងថា «ការចូលរួមក្នុងសហគមន៍ QM ជាសហគមន៍ ដែលចាត់ទុកអ្នកសិក្សាជាអាទិភាពនោះ គឺសមស្របបំផុតទៅនឹងគោលដៅ របស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍»។
ក្នុងសេចក្ដីជូនដំណឹង បានបន្ថែមទៀតថា «យើងខ្ញុំទាំងអស់គ្នា ពិតជាចង់ឲ្យសិស្សានុសិស្ស ដែលសិក្សាពីចម្ងាយគ្រប់រូប សម្រេចបាននូវលទ្ធផលល្អ បំផុតក្នុងការសិក្សា ជាមួយគ្នានោះ យើងខ្ញុំពិតជាមានការតាំងចិត្តខ្ពស់ ក្នុងការបង្កើតឡើងនូវបរិយាកាសសិក្សា មួយដែលផ្តល់នូវមាគ៌ា ដ៏ច្បាស់លាស់ឆ្ពោះទៅកាន់ភាពជោគជ័យ»។
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានបង្ហាញនូវភាពបទបែនខ្ពស់ ក្នុងការអប់រំរបស់ខ្លួនតាមរយៈការផ្លាស់ប្តូរ យ៉ាងរលូនទៅកាន់ការបង្រៀន ពីចម្ងាយ នៅពេល ដែលមានការប្រកាស ឲ្យសាលាទាំងអស់ត្រូវផ្អាកការបង្រៀន ជាបណ្តោះអាសន្តកាលពីដើម ឆ្នាំនេះអាស្រ័យដោយការរីករាលដាលនៃមេរោគ កូវីដ-១៩។
បញ្ហាប្រឈមមួយនេះ បានផ្តល់ឱកាសដល់សាលា ក្នុងការបង្ហាញឲ្យឃើញនូវភាពខ្លាំង នៃកម្មវិធីសិក្សា ក៏ដូចជាក្របខ័ណ្ឌអប់រំ ដែលមានស្រាប់របស់ខ្លួន តាមរយៈ ប្រសិទ្ធភាព នៃការអនុវត្តការបង្រៀនពីចម្ងាយ។
តាមរយៈភាពជោគជ័យ និងការយល់ឃើញជាវិជ្ជមានដែលផ្តល់ ដោយមាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស សាលាក៏បានសម្រេចចិត្ត បន្តផ្តល់សេវា អប់រំពីចម្ងាយ របស់ខ្លួនដើម្បីបង្ហាញឲ្យកាន់តែច្បាស់បន្ថែមទៀតថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍គឺជាស្ថាប័នអប់រំដែល ទទួលស្គាល់ជាអន្តរជាតិ។
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានលើកឡើងថា «យើងខ្ញុំតែងតែមានបំណងចង់បង្កើត ឲ្យមានសញ្ញាប័ត្រ សម្រាប់កម្មវិធីសិក្សាពីចម្ងាយរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដូចនេះ យើងខ្ញុំពិតជាមានសេចក្តីសោមនស្ស ក្នុងការបន្តសម្រេចគម្រោងនេះ ក្នុងកាលៈទេសៈដ៏អំណោយផលដែលសិស្សានុសិស្ស ក៏ដូចជា អ្នកអប់រំទាំងឡាយជុំវិញពិភពលោក ហាក់ទទួលស្គាល់ និងទទួលយកកាន់តែទូលំទូលាយនូវអត្ថប្រយោជន៍នៃការ សិក្សាពីចម្ងាយ»។
ជាសមាជិកក្នុងស្ថាប័នធានាគុណភាពអប់រំ QM សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បច្ចុប្បន្នបានក្លាយទៅជាផ្នែកមួយនៃសហគមន៍ ដែលមានសមាជិកច្រើនជាង ១,២០០ ស្ថាប័ន ដែលបានផ្ដោតការយកចិត្តទុក ដាក់លើគុណភាពសិក្សារបស់សិស្សានុសិស្សជាចម្បង។ សហគមន៍សាលា បាននិងកំពុងទន្ទឹងរង់ចាំនូវ កិច្ចសហប្រតិបត្តិការ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ខណៈពេលដែលសហគមន៍សាលា បានបន្តបោះជំហានជាវិជ្ជមាន ក្នុងការផ្ដល់បទពិសោធន៍ក្នុងការអប់រំ ពីចម្ងាយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោក។
គូសបញ្ជាក់ថា ស្ថាប័នធានាគុណភាពអប់រំ Quality Matters (QM) គឺជាស្ថាប័នអន្តរជាតិមួយ ដែលឈានមុខក្នុងការ ធានាគុណភាពអប់រំ ក្នុងបរិបទការរៀន និងបង្រៀនពីចម្ងាយ ។ ស្ថាប័ននេះបាន ផ្ដល់នូវប្រព័ន្ធធានាគុណភាព អប់រំមួយដែលអាចវាស់ស្ទង់វាយតម្លៃបាន លើការសិក្សាពីចម្ងាយ និងការសិក្សាតាមគន្លងថ្មី ដែលរួមបញ្ចូលការ សិក្សាក្នុងថ្នាក់ និងការសិក្សាតាមប្រព័ន្ធអនឡាញ ហើយដែល ត្រូវបានអនុវត្តទាំងក្នុងស្ថាប័ន និងក្នុងអន្តរ ទំនាក់ទំនងរវាងស្ថាប័នផ្សេងៗ៕