(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី២៤ ខែមករា ឆ្នាំ២០១៦ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ ជាមួយអង្គភាព Fresh News ជុំវិញការប្រតិកម្មរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមួយចំនួន ឆ្លើយតបចំពោះស្សនកិច្ចរបស់លោក ចន ឃេរី មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី២៥-២៦ ខែមករាស្អែកនេះ ។
លោក ផៃ ស៊ីផាន បានផ្តល់នូវបទសម្ភាសន៍ដល់ Fresh News យ៉ាងដូច្នេះថា៖
Fresh News: នៅរយៈប៉ុន្មានថ្ងៃកន្លងមកនេះ មានក្រុមដែលអះអាងខ្លួនថា ជាអង្គការមិនមែនរដ្ឋាភិបាល ឬសង្គមស៊ីវិល ជាមួយនិងអ្នកជំនាញវិភាគ ព្រមទាំងមានលោកសាស្ត្រាចារ្យខ្មែរអាមេរិកាំងផងដែឬ ក៏បានលើកបញ្ហាមួយចំនួនពាក់ព័ន្ធនិងទស្សនកិច្ចរបស់លោក ចន ឃេរី តើលោកយល់ឃើញយ៉ាងដូចម្តេចដែរ?
លោក ផៃ ស៊ីផាន៖ អរគុណចំពោះ Fresh News ដែលបានលើកសំនួរឆ្លើយតប និងបច្ចុប្បន្នភាពនយោបាយកម្ពុជា និងសហរដ្ឋអាមេរិក។ យើងទាំងអស់គ្នាដឹងថា ឯកឧត្តម ប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា មានកម្មវិធីអញ្ជើញថ្នាក់ដឹកនាំកំពូល នៃប្រជាជាតិអាស៊ាន ដើម្បីចូលរួមប្រជុំ នៅកាលីហ្វញ៉ា ស.រ.អា។ នេះជាដើមចមមួយនៃមូលដ្ឋាន និងបំណងនៃទស្សនកិច្ចរបស់ឯកឧត្តម ចន ឃេរី មកកាន់កម្ពុជា និងបន្តទៅកាន់ប្រទេសចិន។
និយាយអំពីនយោបាយអន្តរជាតិ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ, សម្តេចបាននាំកម្ពុជាចូលទៅក្នុងកម្រិតអន្តរជាតិរាប់ទាំងកម្រិតតំបន់។ ក្នុងរយៈកន្លងមក សម្តេចតេជោ បានចូលរួមមតិជាមួយលោកប្រធានាធិបតី ស.រ.អា និងចិនផងដែរ។ មិនតែប៉ុណ្ណោះកម្ពុជាក៏ទទួលបានផល រំពឹងទុកពីប្រជាជាតិក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ក្នុងកិច្ចសម្របសម្រួល ជាមួយចិន ក៏ដូចជាបណ្តាលប្រទេសមួយចំនួន នោះមិនគិតអំពីកម្ពុជា ដែលបានចូលរួមជាសមាជិកស្ថាបនិកធានាគាររចនាសម្ព័ន្ធអាស៊ី ក្នុងវិស័យហិរញ្ញវត្ថុពិភពលោក។ ភាពឈ្លាសវៃ និងភាពទន់ភ្លន់ប្រកបដោយការ ពិសោធន៍របស់សម្តេចតេជោ ក៏ទទួលបានភាពទាក់ទាញពីថ្នាក់ដឹកនាំកំពូលរបស់ពិភពលោកមួយចំនួនផងដែរ។
កម្ពុជាក៏ជាអ្នកផ្តួចផ្តើមនូវគោលនយោបាយអន្តរជាតិ ក្នុងកិច្ចដោះស្រាយជម្លោះនៅឈូងសមុទ្រចិនខាងត្បូង ដែលគេបាន និងកំពុងបន្តអនុវត្ត រហូតដល់បច្ចុប្បន្នក្នុងការដោះស្រាយវិបត្តិនេះ។ រីឯស.រ.អា ដែលបានចាប់ផ្តើម និងកំពុងអនុវត្តនូវនយោបាយចូលរួមដើម្បីឥទ្ធិពល តុល្យភាពអន្តរេជាតិ (pivoting policy) ខុសគ្នាកាពីមុន ដែល ស.រ.អា ប្រើប្រាស់គោលនយោបាយហ៊ុព័ទ្ធ និងយោធានិយម។
អាស្រ័យហេតុដូចនេះ ស.រ.អា ត្រូវការដៃគូរ ដើម្បីផលប្រយោជន៍របស់គេ ក្នងការអនុវត្តគោលនយោបាយថ្មីរបស់គេ។ អតីតកាល ស.រ.អា ស្វែងរកពហុភាគីក្នុងភាពជាសម្ព័ន្ធមិត្ត ក៏ប៉ុន្តែបច្ចុប្បន្ន ស.រ.អា ស្វែងរកដៃគូរ ដើម្បីការពារផលប្រយោជន៍ ដែលខុសគ្នាពីចិន កំពុងតែអនុវត្ត ស្វែងរកដៃគូរក្នុងលក្ខណះទ្វេភាគី ដែលមានឥទ្ធិពលជិតស្និតជាងពហុភាគី។ អាស្រ័យហេតុដូចនេះ ទើបឯកឧត្តម ចន ឃេរី មកធ្វើទស្សនកិច្ច ក្នុងប្រទេសកម្ពុជា ក្នុងកិច្ចស្វែងរការពង្រឹងទំនាក់ទំនង និងសហប្រតិបត្តការពីកម្ពុជា ដើម្បីការពារផលប្រយោជន៍ ស.រ.អា គឺមិនមែនកម្ពុជា ជាកូនចៅរបស់ ស.រ.អា ដែលត្រូវទទួលបង្គាប់បញ្ជាពីស.រ.អា ដូចកាលពីសម័យទសវត្ស៧០ នោះទេ។
សរុបមកវិញបច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយកម្ពុជា ជាដៃគូជាមួយស.រ.អា។ សូមបញ្ជាក់ផងដែរថា ឯកឧត្តម ចន ឃេរី មិនមែនជាចៅក្រម មិនមែនជាមេធាវី ឬប្រធានអង្គការមិនមែនរដ្ឋាភិបាល មកប្រឆាំងជាមួយកម្ពុជា ដែលអាចនាំឲ្យបាត់បង់ផលប្រយោជន៍របស់ ស.រ.អា នោះទេ។ ជំហរនេះក៏បានស្តែងឲ្យឃើញតាមរយៈ ឯកឧត្តមអគ្គរដ្ឋទូតស.រ.អា ថ្មីប្រចាំកម្ពុជា៕