(ប៉ៃលិន)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្ត បានដឹកនាំក្រុមការងារ បន្តចុះសំណេះ សំណាលសួរសុខទុក្ខ និងផ្តល់អំណោយស្បៀង ជូនដល់គ្រួសារពលរដ្ឋក្រីក្រ ចំនួន ៤៨គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាតជីវភាពប្រចាំថ្ងៃ បណ្តាលមកពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ត្រូវបន្តចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាងឱ្យបាននូវការចម្លង ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍របស់យើង។
លោកបានលើកឡើងថា៖ ដោយសារវិបត្តិជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីផ្តល់សាច់ប្រាក់ជូន ដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” នៅទូទាំងប្រទេស ដោយបានធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីផ្តល់ប័ណ្ណសមធម៌ ប្រភេទ ក្រ ១ ក្រ ២ ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ក្នុងអំឡុងជួបវិបត្តិកូវីដ-១៩នេះ ដោយគ្រួសារខ្លះមិនអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃបាន។
លោក ផាន់ ចាន់ធុល បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់មិនត្រូវភ្លេចខ្លួន ហើយបន្តថែរក្សាអនាម័យសុខភាពជាប្រចាំ ដោយលាងដៃជាមួយអាល់កុល ឬសាប៊ូអោយបានញឹកញាប់ ទៅណាមកណាត្រូវពាក់ម៉ាស់ជានិច្ច ជាពិសេស ត្រូវខិតខំប្រកបមុខរបរ និងធ្វើស្រែចំការ ដាំដំណាំរួមផ្សេងៗដើម្បីរួមចំណែកលើកកម្ពស់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ កុំយកពេលវេលាទំនេរទៅប្រព្រឹត្តិអំពើខុសច្បាប់ ដូចជាល្បែងស៊ីសងផ្សេងៗជាដើម ត្រូវអប់រំកូនចៅ និងខ្លួនឯងជាសចាកឆ្ងាយពីគ្រឿងញៀន។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលបានទទួលអំណោយស្បៀងពីគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្ត មានចំនួន ៤៨គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ សាប៊ូ ១ដុំ និងទឹកអាលកុល សម្រាប់លាងសម្អាតដៃ ១ដប ផងដែរ៕