(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានថ្លែងថា គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ជាយុទ្ធសាស្ត្របង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់អនុវត្តកន្លងមក និងចាំបាច់ត្រូវធ្វើការពង្រឹង និងពង្រីកបន្ថែមទៀត និងជាគោលនយោបាយជាតិដែលត្រូវបានរៀបចំឡើង ជាលើកដំ បូងសម្រាប់រយៈពេល១០ឆ្នាំ ២០១៩-២០២៨ ដែលអាចប្រមូល ផ្តុំការវិនិយោគទៅលើកុមារ ទាំងស្មារតី ទាំងធនធាន ឱ្យមានលក្ខណៈជាប្រព័ន្ធគ្រប់ជ្រុងជ្រោយជាងមុន ដើម្បីឱ្យកុមារគ្រប់រូបមានឱកាសស្មើៗគ្នា និងក្លាយជាធនធានមនុស្សដែលអាចរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយើង»។
លោក វង សូត បានថ្លែងបែបនេះ នៅក្នុងពិធីផ្សព្វផ្សាយអបអរសាទរ និងដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ រៀបចំធ្វើនៅស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ដោយមានការរៀបចំពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើមី្បកុមារ (ក.ជ.ក) ដោយមានការសហការគាំទ្រ ពីអង្គការភ្លែន អន្តរជាតិកម្ពុជា និងអង្គការឆាលហ្វាន់ បានរៀបចំប្រារព្ធ ពិធីផ្សព្វផ្សាយអបអរសាទរ និងដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារដែលបានចុះហត្ថលេខាដាក់អោយប្រើប្រាស់ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។
កម្មវិធីនេះ ក៏មានការចូលរួមពីមន្រ្តីក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន និងកុមារចំនួនប្រមាណ១៩០នាក់។
លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ គឺជាគោលនយោបាយមួយ ដែលបានបង្ហាញយ៉ាងច្បាស់ ពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការការពារកុមារ ព្រមទាំងការដោះស្រាយបញ្ហាកុមារនៅកម្ពុជា ក្នុងនាមជាប្រទេសហត្ថលេខី នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ហើយជាពិសេស គោលនយោបាយនេះជាស្នាដៃតាក់តែងចងក្រងរួមគ្នាដោយ ក្រុមការងារអន្តរក្រសួងនៃគណៈកម្មការការពារកុមារថ្នាក់ជាតិ។
ប្រព័ន្ធកិច្ចការពារកុមារ គឺជាការប្តេជ្ញាចិត្តខិតខំជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើការអនុវត្តកិច្ចការពារកុមារ ដែលមានលក្ខណៈជាប្រព័ន្ធនៅកម្ពុជា រួមមាន៖
*ទី១៖ ភាពចាំបាច់ក្នុងការវិនិយោគបន្ថែម លើមន្ត្រីសង្គមកិច្ចឬបុគ្គលិកសង្គមនៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញសេវាការពារកុមារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល សង្គតិភាព និងទាន់ពេលវេលាដល់កុមារនិងគ្រួសារនៅតាមសហគមន៍។
*ទី២៖ ការបន្តធានាឱ្យកុមារទទួលបាននូវសេវាផ្លូវច្បាប់ និងសមធម៌សង្គម តាមរយៈការផ្តល់នូវកញ្ចប់អប្បរមា នៃសេវាសង្គមកិច្ចសម្រាប់កុមារ និងគ្រួសារដែលត្រូវការកិច្ចការពារ ។
*ទី៣៖ ការឆ្លើយតបចំពោះគ្រោះមហន្តរាយដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់កុមារ និងគ្រួសារកុមារ។
*ទី៤៖ ការបន្តប្រមូលផ្តុំ ពង្រឹង និងពង្រីកកម្មវិធីដែលមានស្រាប់សម្រាប់កិច្ចការពារកុមារ សំដៅបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពឱ្យបានទូលំទូលាយ។
*ទី៥៖ ការធានានូវសង្គតិភាពនៃនីតិវិធី វិធានការ និងយន្តការដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហារបស់កុមារ ដើម្បីបំពេញនូវតម្រូវការ និងធានាការពារកុមារ ប្រកបដោយបរិយាកាសគ្រួសារ សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់មានល ក្ខណៈកុមារមេត្រី និងធានាឧត្តមប្រយោជន៍របស់កុមារ ។
ជាមួយគ្នានេះដែរ ប្រព័ន្ធកិច្ចការពារកុមារ គឺជាបណ្តុំនៃវិធានបង្កើតឡើងក្នុងគោលបំណង ជំរុញនិងលើកកម្ពស់ការការពារកុមារពីការរំលោភបំពាន និង ការកេងប្រវ័ញ្ចគ្រប់រូបភាព។
វិធានទាំងនេះរួមមាន (១)-ក្របខណ្ឌច្បាប់និងគោលនយោបាយ (២)-ការផ្តល់ជំនួយ និងសេវា (៣)-ធនធានមនុស្សនិងហិរញ្ញវត្ថុ និង(៤)-ការផ្លាស់ប្តូរឥរិយាបថសង្គមក្នុងការប្រព្រឹត្តទៅលើកុមារ ដែលវិធានទាំងនេះត្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យសុខុមាលភាពសង្គម អប់រំសុខភាព សន្តិសុខ និងយុត្តិធម៌ ក្នុងការគាំទ្រដល់ការបង្ការទប់ស្កាត់និងឆ្លើយតប ដើម្បីការពារកុមារពីហានិភ័យផ្សេងៗ។
នាយិកាប្រចាំ ប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា អ្នកស្រីគ្វីន នេត វ៉ង បានលើកឡើងថា ដើម្បីឈានមកដល់ថ្ងៃនេះ ដំណើរការនៃការផ្តួចផ្តើមគំនិត និងចងក្រង គោលនយោបាយជាតិស្តីពីប្រព័ន្ធ កិច្ចការពារកុមារ នេះ បាន ចាប់ ផ្តើម កាល ពី ៣ឆ្នាំ មុនពោលគឺក្នុង ឆ្នាំ២០១៧។ អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការ ឆាលហ្វាន់ និង ដៃ គូរ ទាំង អស់ ពិត ជា មានសេចក្តីសោមនស្សរីករាយដែល បាន ចូល រួម គាំទ្រ ក្នុង ដំណើរការ នៃ ការចង ក្រងគោលនយោបាយ ជាតិដ៏ មាន សារសំខាន់ នេះ ក៏ដូចជា បាន ចូលរួមផ្សព្វផ្សាយ និង ដាក់ ឲ្យប្រើ ប្រាស់ដើម្បីធានាឱ្យកុមារគ្រប់រូបទទួលបាននូវសិទ្ធិ ស្មើៗគ្នាដើម្បី សមធម៌ និង យុត្តិធម៌សង្គម »។
អ្នកស្រី គ្វីន នេត វ៉ង បន្តទៀតថា អង្គការភ្លែនអន្តរជាតិកម្ពុជាមានសេចក្តីរីករាយដែលបានចូលរួមការពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាការពារកុមារជាមួយរាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែប្រសើរឡើងដើម្បីសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការតស៊ូមតិដើម្បីកុមារ ទទួលបានសិទ្ធិការពារ ជួយកសាងសមត្ថភាពបុគ្គលិកសង្គមនៅគ្រប់កម្រិត និងផ្តល់សេវាដោយផ្ទាល់ដល់កុមារ គ្រួសារ និងសហគមន៍ងាយរងគ្រោះ ជាពិសេស ក្មេង ស្រី និង ស្ត្រី៕