(ភ្នំពេញ)៖ កម្មវិធីរត់ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រដែលមានឈ្មោះថា “Ultra Trail Angkor 2016” ដែលប្រើរយៈពេល ១ថ្ងៃកន្លះ ចាប់ពីព្រឹកថ្ងៃទី២៣-២៤ ខែមករា បានបញ្ចប់ហើយព្រឹកមិញនេះ ដោយចំណាត់ថ្នាក់លេខ១ បានទៅ កីឡាករមកពីប្រទេសម៉ាឡេស៊ីឈ្មោះ Hain Lin Soh ដោយប្រើពេល ១៨ម៉ោង ៣៤នាទី និង៥៦វិនាទី ។
ទន្ទឹមនឹងនោះដែរ ចំណាត់ថ្នាក់លេខ២ បានទៅកីឡាករ Porthra Anbrew មកពីអាហ្រ្វិកខាងត្បូង ប្រើពេល ១៨ម៉ោង ៣៨នាទី និង៣១វិនាទី លេខ៣ បានទៅ Clenenc Julien មកពីបារាំង ប្រើពេល ១៩ម៉ោង ២៨នាទី និង ០៧វិនាទី និងចំណាត់ថ្នាក់លេខ៤ បានទៅកីឡាករជនជាតិជប៉ុន-សញ្ជាតិខ្មែរ Konoshita Nitsuti ប្រើពេល ២០ម៉ោង ៣៩នាទី និង ៥៥វិនាទី ។
ចំណែកចំណាត់សម្រាប់នារីរត់ ១២៨គីឡូម៉ែត្រវិញ លេខ១បានទៅកីឡាការិនី Boolthanit Uksobkeaw មកពីថៃ ប្រើពេល ២១ម៉ោង ២៧នាទី និង ៥៧វិនាទី លេខ២ បានទៅ Bufous Isabtlle មកពីបារាំង ប្រើពេល ២២ម៉ោង ៤០នាទី និង ០៦វិនាទី និងលេខ៣ បានទៅកីឡាការិនី Eyre Aurelia មកពីបារាំង ប្រើពេល ២៣ម៉ោង ៣៨នាទី និង ៤៣វិនាទី ក្នុងចំណោមកីឡាករ-កីឡាការិនីសរុប ២៥០នាក់ មកពី២៦ប្រទេសនៅជុំវិញពិភពលោក ចាប់ផ្តើមចេញ ដំណើរពីទីលានប្រជល់ដំរី និងបញ្ចប់នៅទីនេះដូចគ្នា ។
សូមបញ្ជាក់ដែរ យុទ្ធនាការដែលទើបតែមានជាលើកទី១នៅលើទឹកដីកម្ពុជា ក្រោមការសហការគ្នារវាងក្រសួង ទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហការជាមួយក្រុមហ៊ុនទេសចរណ៍បារាំង Phoenex Voyages ដែលជាក្រុមហ៊ុនមួយមានទំនាក់ទំនងល្អជាមួយកម្ពុជា និងមានជំនាញខាងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង ឆ្លងកាត់ធម្មជាតិចម្ងាយឆ្ងាយនេះ ក្នុងនោះដែរមានលោក JEAN Claude ជាអ្នកចាត់ការទូទៅផ្ទាល់តែម្តង ។
ម្ចាស់ជ័យ លាភី ពុំទទួលបានប្រាក់រង្វាន់អ្វីទេ បានតែពាន និងវត្ថុអនុស្សាវរីយ៍តែប៉ុណ្ណោះ ខណៈដែលថវិកាដែលប្រមូលបាន នឹងយកទៅជួយឧបត្ថម្ភវិស័យសុខាភិបាលនៅកម្ពុជា ប្រើប្រាស់ក្នុងការរៀបចំយុទ្ធនាការនេះ និងមួយចំនួន ទៀត យកទៅជួយអង្គការនានាដែលធ្វើការទៅលើកុមារក្រីក្រ លោក វ៉ាត់ ចំរើន អគ្គលេខាធិការបញ្ជាក់ក្នុងសន្និសីទ សារព័ត៌មាន ៕