(អាមេរិក)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Bill Gates នៅតែរក្សាបានតំណែង​ជាកំពូលមហាសេដ្ឋី​ដែលមាន​លុយ​​ច្រើនជាងគេដដែល ដោយគ្មានបុគ្គលណាម្នាក់ មកផ្ដួលរូបលោកបានឡើយ។ ចំណែកនៅដើមឆ្នាំ ២០១៦នេះ ​ស្ថាបនិកក្រុមហ៊ុន Microsoft មួយនេះ នៅតែ​ជាកំពូលមហាសេដ្ឋីដដែល។

ខាងក្រោមនេះ គឺជាតារាបញ្ជីឈ្មោះកំពូលមហាសេដ្ឋីទាំង ១០រូប ដែលមានលុយច្រើនជាងគេបំផុត នៅដើមឆ្នាំ២០១៦៖

១. លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft
ចាប់តាំងពីអាយុ ៣០ឆ្នាំមក លោក Bill Gates បានក្លាយជាមហាសេដ្ឋី ជាមួយនឹងទឹកប្រាក់ ៥ពាន់លានដុល្លារ ដោយទឹកប្រាក់ទាំងនោះ លោកទទួលបានមកពីប្រាក់ចំណូលរបស់ក្រុ​មហ៊ុន Microsoft។ ច្រើនឆ្នាំបន្ទាប់មក អាជីវកម្មរបស់ក្រុមហ៊ុន Mircrosoft ចេះតែរីកចម្រើនឥតឈប់ រហូតធ្វើឲ្យលោក Bill Gates ក្លាយជាកំពូល​​មហាសេដ្ឋី ជាមួយនឹងទឹកប្រាក់ ៧៧ពាន់លានដុល្លារអាមេរិក ប៉ុន្តែលោកមានប្រាក់ខែតែ ១ដុល្លារអាមេរិកប៉ុណ្ណោះ។

២. លោក Amancio Ortega ស្ថាបនិកក្រុមហ៊ុន Fashion
លោក Amancio Ortega ជាមហាសេដ្ឋីអេស្ប៉ាញ ដោយលោកបានបង្កើតក្រុមហ៊ុន Fashion មួយដែល​មាន​ឈ្មោះថា «Zara»។ បច្ចុប្បន្ននេះ លោក Amancio Ortega មានវ័យ៧៩ឆ្នាំ និងមានលុយ ៦៨,១ពាន់លាន​ដុល្លារអាមេរិក។

៣. លោក Warren Buffett ជាអគ្គនាយកក្រុមហ៊ុន Berkshire Hathaway
ចាប់តាំងពីក្រុមហ៊ុន Berkshire Hathaway បានក្តោបក្តាប់ទៅលើភាគហ៊ុន ក្រុមហ៊ុនអាជីវកម្មជាច្រើននៅ​អាមេរិកមក លោក Warren Buffett ក៏បានក្លាយជាមហាសេដ្ឋី រហូតមកដល់បច្ចុប្បន្នលោក លុយ​ចំនួន ៥៩,៩​ពាន់លានដុល្លារអាមេរិក។

៤. លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon
ផ្ដើមចេញពីការលក់សៀវភៅតាមអនឡាញ បានធ្វើឲ្យលោក Jeff Bezos ក្លាយជាមហាសេដ្ឋីលំដាប់ពីលោក​ ដោយ​បច្ចុប្បន្ន Amazon បានក្លាយជាក្រុមហ៊ុនលក់ទំនិញតាម​អនឡាញធំជាងគេបំផុត​នៅក្នុងពិភពលោក និងបានជំរុញឲ្យលោក Jeff Bezos មានលុយ ៥២,៦ពាន់លានដុល្លារអាមេរិក។

៥. លោក Carlos Slim Helu ស្ថាបនិក្រុមហ៊ុនទូរគមនាគមន៍
លោក Carlos Slim Helu គឺជាស្ថាបនិកក្រុមហ៊ុនទូរគមនាគមន៍ម៉ិកសិក Telmex និង América Móvil ដែល​ផ្ដល់សេវាកម្មទូរស័ព្ទធំជាងគេបំផុតនៅ​អាមេរិកឡាទិន។ ស្ថិតក្នុងអាយុ ៧៥ឆ្នាំ មហាសេដ្ឋីរូបនេះ មានលុយ ៤៨,៤ពាន់លានដុល្លារអាមេរិក។

៦. លោក Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle
បន្ទាប់ពីបោះបង់ការសិក្សា និងងាកមកបង្កើតក្រុមហ៊ុន Oracle អស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតលោក Larry Ellison បានក្លាយជា​កំពូលមហាសេដ្ឋី ដែលមានលុយ ៤៣,៧ពាន់លានដុល្លារអាមេរិក និងបានឈរនៅ​លំដាប់​ទី៦ នៃកំពូលមហាសេដ្ឋីដែលមានលុយច្រើនជាងគេបំផុត។

៧. លោក Mark Zuckerberg ស្ថាបនិកបណ្ដាញសង្គម Facebook
ក្នុងនាមជាមហាសេដ្ឋីវ័យក្មេងជាងគេបំផុត លោក Mark Zuckerberg បានប្រកាសនៅថ្ងៃកំណើតកូនស្រី​របស់​ខ្លួនថា លោកនឹងបរិច្ចាគ​ភាគហ៊ុនផ្ទាល់ខ្លួន នៃបណ្ដាញទំនាក់ទំនងសង្គម Facebook ចំនួន​ ៩០ភាគរយឲ្យទៅ​មូលនិធិមួយ ខណៈដែលនៅពេលនេះ លោកមានលុយ ៤២,៩ពាន់លានដុល្លារអាមេរិក។

៨. លោក Charles Koch ជាប្រធានក្រុមហ៊ុនប្រឹក្សាភិបាលក្រុមហ៊ុន Koch Industries
លោក Charles Koch និងប្អូនប្រុសរបស់ដែលមានឈ្មោះថា David Koch បាន​ចាប់ដៃគ្នា​ពង្រីក​ឥទ្ធិពល​ក្រុមហ៊ុន Koch Industries ដែលជាមរតពីឪពុក រហូតដល់ពេលនេះ លោក Charles Koch មានវ័យ ៨០ឆ្នាំ និងមានលុយ ៤០,៣ពាន់លានដុល្លារអាមេរិក។

៩. លោក David Koch ជានាយកប្រតិបត្តិក្រុមហ៊ុន Koch Industries
ជាប្អូនប្រុសរបស់លោក Charles Koch បន្តតំណែងកាន់កាប់ក្រុមហ៊ុន Koch Industries ឡើង ក្នុងនាម​ជា​នាយកប្រតិបត្តិ រហូតមកដល់ពេលនេះ លោកមានវ័យ ៧៥ឆ្នាំ និងមានលុយ ៤០,៣ពាន់លានដុល្លារអាមេរិក ដូចបងប្អូនលោកដែរ។

១០. លោក Larry Page សហស្ថាបនិកក្រុមហ៊ុន Google Inc
លោក Larry Page បង្កើតក្រុមហ៊ុន Google Inc ឡើងជាមួយលោក Sergey Brin រហូតមកដល់បច្ចុប្បន្ន Google បានក្លាយជាក្រុមហ៊ុនអ៊ីធណែតធំជាងគេ។ លោក Larry Page បច្ចុប្បន្នមានលុយ ៣៧,៣ពាន់លាន​ដុល្លារអាមេរិក ចំណែកលោក Sergey Brin មានលុយ ៣៦,៦ពាន់លានដុល្លារអាមេរិក ឈរនៅលេខរៀងទី១១
នៃកំពូលមហាសេដ្ឋីលំដាប់ពិភពលោក។

គួរបញ្ជាក់ផងដែរថា តួលេខទាំងនេះ ត្រូវបានដកស្រង់ចេញពីទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes សម្រាប់​ខែ​មករា ឆ្នាំ២០១៦៕