(ភ្នំពេញ)៖ ការជជែកលើការធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានបិទបញ្ចប់ជាផ្លូវការហើយនៅក្នុងខែមិថុនា កន្លងទៅ ខណៈដែលកិច្ចព្រមព្រៀងលើការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ គ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន គឺជាកិច្ចព្រមព្រៀងលើកដំបូងហើយរបស់កម្ពុជា ជាមួយប្រទេសដៃគូពាណិជ្ជកម្ម ក្នុងបំណងពង្រីកការធ្វើពាណិជ្ជកម្មរបស់ខ្លួនឱ្យកាន់តែរស់រវើកថែមទៀត។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានក្លាយទៅជាប្រធានបទដ៏ចាប់អារម្មណ៍មួយទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

រាជបណ្ឌិត្យសភាកម្ពុជានៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ នឹងរៀបចំវេទិកាតុមូលមួយជជែកទៅលើការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងមហាយក្សចិន។ វេទិកានេះ នឹងមានការអញ្ជើញចូលរួមជាវាគ្មិនដោយ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

កិច្ចពិភាក្សានេះធ្វើឡើង ដើម្បីផ្តល់ជាការយល់ដឹងបន្ថែមជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគផងដែរ លើការងារធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក លី ខឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង បានសម្រេចឱ្យមានការសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុប ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់។

បន្ទាប់ពីមានការផ្តួចផ្តើមនេះ ក្រុមការងារចរចាដឹកនាំដោយក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានចាប់ផ្តើមឡើងនៅខែមករា ឆ្នាំ២០២០។ កិច្ចចរចានេះបានធ្វើឡើងជាបន្តបន្ទាប់ចំនួន៣លើក។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានប្រកាសបិទបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅនេះ។

កិច្ចព្រមព្រៀងត្រូវបានប្រគល់ទៅរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីពិនិត្យលទ្ធភាពរកពេលវេលាសមគួរឈានទៅចុះហត្ថលេខាជាផ្លូវការ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅថា FTA គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ គឺនឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។

ការធ្វើពាណិជ្ជកម្មសេរីនេះមិនត្រឹមតែការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន កាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ប្រមាណ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់ ១,៣៧៧លានដុល្លារអាមេរិក កើនឡើង៣៧% និងនាំចូលពីចិនមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។

ទំនិញដែលកម្ពុជានាំចេញទៅចិនភាគច្រើនជាកសិផល មានដូចជា៖ ពោត, ដំឡូងមី, អង្ករ និងចេក ខណៈដែលកម្ពុជាកំពុងចរចានាំចេញផលិតផលផ្សេងៗទៀតដូចជា៖ ស្វាយ, ម្រេច, ផ្លែស្រកានាគ, ទឹកមាត់ត្រចៀកកាំ, ផ្លែមានប៉ៃលិន និងដូងក្រអូបជាដើម។

លោក សុខ សុភ័ក្ត្រ បានថ្លែងឱ្យដឹងថា ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហើយនោះ កម្ពុជានឹងអាចនាំចេញទៅចិនជាង ៣៤០មុខទំនិញ ហើយ ៩៥% នៃទំនិញនោះ នឹងមិនមានយកពន្ធនោះឡើយ។

ក្រសួងពាណិជ្ជកម្មបានអះអាងថា ផ្អែកលើគោលការណ៍រួមដែលបានឯកភាពគ្នាដោយក្រុមចរចានោះ ប្រសិនបើរដ្ឋាភិបាលប្រទេសទាំងពីរឯកភាពលើអត្ថបទនៃកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារដែលបានស្នើឡើងនោះ កំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ ២០ភាគរយ៕