(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយថ្នាក់ដឹកនាំក្រសួងមួយចំនួន បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ លើទ្រព្យសម្បត្តិថ្មីក្នុងវិស័យយុត្តិធម៌ នាទឹកដីអង្គរខេត្តសៀមរាប និងសូមចែករំលែកកុសលផលបុណ្យទាំងឡាយ ក៏ដូចជាពរជ័យនៃសេចក្តីសុខ និងសិរីសួស្តីជ័យមង្គលគ្រប់បែបយ៉ាងដែលកើតចេញពីការបួងសួងនេះ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការនៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីទាំងអស់។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក កើត រិទ្ធ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់លោក សម ប៊ុនថុន ដែលត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍បាត់ដំបង, លោក នួន សាន ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងលោក គឺ ប៊ុណ្ណារ៉ា ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
នៅរសៀលថ្ងៃនេះ លោករដ្ឋមន្រ្តីនឹងអញ្ជើញជាអធិបតីប្រកាសឲ្យកាន់តំណែងអគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍ និងព្រះរាជអាជ្ញាខេត្តកំពង់ចាមផងដែរ។ នៅពេលអញ្ជើញប្រកាសតែងតាំង និងចូលកាន់តំណែងថ្នាក់ដឹកនាំតុលាការ លោករដ្ឋមន្រ្តីយុត្តិធម៌វ័យក្មេងរូបនេះ តែងតែគូសបញ្ជាក់ឡើងវិញពីជំហរដ៏ម៉ឹងម៉ាត់របស់ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងការបន្តពង្រឹងអភិបាលកិច្ចល្អក្នុងវិស័យយុត្តិធម៌ និងការពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម សំដៅលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រម, លើកកម្ពស់គុណភាពនៃការកាត់ក្តីប្រកបដោយភាពត្រឹមត្រូវ និងយុតិ្តធម៌ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ដើម្បីពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌៕