(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីរូបគេធ្វើសកកម្មភាព លួចគាស់តូបលក់ឥវ៉ាន់ និងអ៊ុតសក់ មួយកន្លែងនៅចំណុចតូបលេខ២ ផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ធ្វើឡើងនាវេលាម៉ោង០៨៖៤០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្បែវត្តនាគវ័ន្ត ផ្លូវ១៣២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់ មានឈ្មោះ៖

*ទី១៖ ឈ្មោះ នួន សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួលគ្មានលេខ ប្លុកផ្លូវដែក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើតនៅ ម្តុំផ្លូវរថភ្លើងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ធ្លាប់ជាប់ពន្ធនាគារម១ ព្រៃស ចំនួន៦ខែ ពីបទលួច (លួចខោអាវ)។
*ទី២៖ ឈ្មោះ ហួត វិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅមិនពិតប្រាកកដ ស្រុកកំណើត នៅប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ បានឲ្យដឹងថា នៅមុនពេលកើតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះមកធ្វើការធម្មតា បើកតូប អ៊ុតសក់ ផាត់មុខ ដូចសព្វមួយដង លុះនៅវេលាម៉ោង២០៖០០នាទីថ្ងៃដដែល ទើបជនរងគ្រោះបិទតូបអត់ស៊ុក រួចរាល់ហើយ ក៏ត្រលប់ទៅសម្រាក នៅផ្ទះម្តាយរបស់ខ្លួន នៅឯឃុំអរិក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល លុះព្រឹកឡើងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង០៦៖០០នាទីព្រឹក ពេលជនរងគ្រោះ មកដល់តូប ទើបដឹងថា មានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់តូបរបស់ខ្លួន យកសម្ភារអស់មួយចំនួនធំ។

ក្រោយពីកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកទទួលបណ្តឹងរួច ក៏បានចុះស្រាវជ្រាវភ្លាមៗ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ កាលពីវេលាម៉ោង០៨៖៤០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្បែវត្តនាគវ័ន្ត ផ្លូវ១៣២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក៕