(សៀមរាប)៖ ទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិន ៣កន្លែង ដែលបង្កប់ខារ៉ាអូខេ នៅក្រុងសៀមរាប បានល្មើសលួចបើកអាជីវកម្ម ត្រូវសមត្ថកិច្ចចម្រុះចុះផ្អាកអាជីវកម្ម នាយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
ប្រធានមន្ទីរទេសចរណ៍ខេត្ត បានដឹកនាំក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្ត សហការជាមួយតំណាង រដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប ចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិន (មានបន្ទប់ខារ៉ាអូខេ) ទាំង៣កន្លែង ដែលមានឈ្មោះ ដូចខាងក្រោម៖
* ទី១៖ ម្លប់ជ្រៃត្រជាក់ចិត្ត (បង្កប់ខារ៉ាអូខេ)
* ទី២៖ ម្លប់ដូងពិភពព្រឹលថ្មី (បង្កប់ខារ៉ាអូខេ)
* ទី៣៖ ស្នាដៃម៉ែក្មេក៥ (អាជ្ញាបណ្ណហួសសុពលភាព)។
ទីតាំងទាំង ៣កន្លែង ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមិនមានច្បាប់អនុញ្ញាតអាជីវកម្ម ២កន្លែង អាជ្ញាបណ្ណហួសសុពលភាព ១កន្លែង និងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្រុមការងារចម្រុះបានធ្វើកំណត់ហេតុ និងណែនាំឲ្យម្ចាស់អាជីវកម្មផ្អាកអាជីវកម្មរបស់ខ្លួន និងដាក់ពាក្យស្នើសុំច្បាប់នៅច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋានឲ្យបានត្រឹមត្រូវ ទើបអាចបើកដំណើរការអាជីវកម្មបានវិញ។
លោកបានបញ្ជាក់ថា «សូមម្ចាស់អាជីវកម្មបៀរហ្គាឌិន ក្នុងខេត្តសៀមរាបទាំងអស់ អញ្ជើញដាក់ពាក្យស្នើសុំច្បាប់នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋាន ទើបអាចប្រកបអាជីវកម្មបាន»៕