(បន្ទាយមានជ័យ)៖ លោក អ៉ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានលើកឡើងថា ធនធានប្រេងកាត គឺជាដើមទុនដ៏មានតម្លៃរបស់ជាតិ សម្រាប់លើការជំរុញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមទាំងលើកកម្ពស់កម្រិត ជីវភាពប្រជាជនទៀតផង។
ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែលលោក អ៉ឹង អៀង ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាល ស្តីពីហានីភ័យស្ថានីយ៍ និងសារាចរណ៍សុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយ៍ប្រេង និងឧស្ម័ន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ។
លោក អ៉ឹង អៀង បានថ្លែងថា សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីបច្ចុប្បន្នភាព នៃវិស័យប្រេងកាតនៅកម្ពុជា ដែលធ្វើនេះ គឺចង់ឲ្យមហាជន និងប្រជាជនបានយល់ដឹងពីវឌ្ឍនភាព និងបច្ចុប្បន្នភាព នៃវិស័យប្រេងកាតនៅកម្ពុជា។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា យុទ្ធសាស្ត្រគ្រប់គ្រងធនធានប្រេងកាត ការវិវត្តិន៍ នៃការតាក់តែងច្បាប់ប្រេងកាត និងយន្តការលើកកម្ពស់ការចូលរួម និងផ្សព្វផ្សាយព័ត៌មានធនធនប្រេងកាត។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបង្កើនការយល់ដឹង ពីច្បាប់អំពីហានិភ័យ ដែលអាចកើត មានឡើង និងអំពីបែបបទ និងនិតិវិធី ក៏ដូចជាបច្ចេកទេសសុវត្ថិភាព ក្នុងការគ្រប់គ្រង និងប្រកបអាជីវកម្ម ដល់ម្ចាស់ស្ថានីយ អ្នកសាងសង់ស្ថានីយ និងអ្នកធ្វើការស្តុកទុក ផលិតផលប្រេងកាតប្រេងសាំង ជាដើម។
លោកបានបន្តទៀតថា គោលបំណងចម្បងទី២ គឺពង្រឹងសមត្ថភាពមន្ត្រីជំនាញបច្ចេកទេសមន្ទីររ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ ឲ្យយល់ច្បាស់អំពីតួនាទីភារកិច្ច និងនីតិវិធីនានា ដើម្បីមានភាពងាយស្រួល និងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាព តម្លាភាពស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន៕