(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានថ្លែងថា នៅល្ងាចថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៦ កម្លាំងការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលជនជាតិស្វីសម្នាក់ មកពីអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ក្រោយរកឃើញថា ជនបរទេសរូបនេះបានរស់នៅមិនស្របច្បាប់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថាជនបរទេសរូបនេះ ឈ្មោះ Daniel Andersen ភេទប្រុស សញ្ជាតិស្វីស អាយុ ៣៧ឆ្នាំ បច្ចុប្បន្នពុំមានទីលំនៅស្នាក់នៅច្បាស់លាស់ មុខរបរពុំច្បាស់លាស់ (ស្នាក់នៅដោយគ្មានលិខិតឆ្លងដែនជាប់ខ្លួន)។
ឆ្លងតាមការសាកសួរបំភ្លឺ បានឲ្យដឹងថា ជនបរទេសរូបនេះ ពិតជារស់នៅដោយគ្មានលិខិតឆ្លងដែនជាប់ខ្លួនពិតមែន។
ក្រោយបញ្ចប់ការសួរនាំរួច ជនបរទេសរូបនេះត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីកម្ពុជា ៕