(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ករណីចាប់ជនសង្ស័យ២នាក់ ក្រោយប្រព្រឹត្តបទល្មើសលួចម៉ូតូនៅខណ្ឌដូនពេញ ដើម្បីឆ្លើយតបជាមួយការលើកឡើងតាម បណ្តាញសង្គម Facebook ចំពោះព័ត៌មាននេះ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីនេះសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល តាមចាប់ជនសង្ស័យករណី លួចម៉ូតូកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២៖៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទៀង តុល ហៅកង្កែប អាយុ៤៥ឆ្នាំ នៅចំណុចផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងបទល្មើសលួចម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IF-5189 នៅចំណុចមុខផ្ទះលេខ៥៤ ផ្លូវលេខ១៨៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
ក្រោយពីទទួលចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចក៏បានបន្តទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដែលជាបក្សពួកមានឈ្មោះ រស់ ទិត្យ ហៅម៉ៅ អាយុ៤៧ឆ្នាំនៅចំណុចផ្លូវ រថភ្លើងលេខ២៧៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងម៉ូតូ ដែលជិះធ្វើសកម្មភាពម៉ាកហុងដា C125 ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IF-1909 បញ្ជូនមកការិយាល័យដើម្បីបំពេញនីតិវិធីចាត់ការបន្តតាមច្បាប់។
បន្ទាប់ពីធ្វើការឃាត់ខ្លួនមកសាកសួរជនសង្ស័យទាំងពីរខាងលើ បានសារភាពថា ពួកគេពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែន៕