(ប៉ៃលិន)៖ នៅក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានណែនាំ និងអំពាវនាវដល់ពលរដ្ឋ ក៍ដូចជាអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តទាំងអស់ ត្រូវចេះថែទាំសុខភាព ជាពិសេសកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលមានធ្លាក់ច្រើន ជាពិសេសរួមគ្នា បង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត-១៩។

លោក ផាន់ ចាន់ធុល បានលើកឡើងថា រដូវនេះជារដូវដែលមានភ្លៀងធ្លាក់ច្រើន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះជម្ងឺដម្កាត់ផ្សេងៗ ដែលអាចបង្កជាបញ្ហាលំបាក ដល់ក្រុមគ្រួសារ ជាពិសេសត្រូវថែទាំសុខភាព និងអនាម័យសម្រាប់កុមារតូចៗ ហើយបើសង្កេតឃើញកូនៗមានសភាពមិនសូវស្រួល ត្រូវនាំទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែល នៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យ ជៀសវាងទុកឲ្យកុមារមានសភាពជម្ងឺធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។

លោក ផាន់ ចាន់ធុល បានកោតសរសើរចំពោះក្រុមគ្រូពេទ្យជំនាញដែលកន្លងបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យ តាមដានសុខភាពជូនប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានបង្ហាញមនោសញ្ចេតនាអាណិត ស្រលាញ់ និងស្និទ្ធស្នាលជាទីបំផុត និងបានឧបត្ថម្ភដល់អ្នកជម្ងឺចំនួន ១០២នាក់ ដោយក្នុងម្នាក់ៗ ឃីត ១កញ្ចប់ និងថវិកា ២ម៉ឺនរៀលផងដែរ។

បើតាមរបាយការណ៍របស់លោក ស្លេះ យូ ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ បច្ចុប្បន្នប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មានចំនួន ១០២នាក់ ក្នុងនោះមានកុមារចំនួន ២០នាក់ ជម្ងឺវះកាត់ ចំនួន ១៥នាក់ ជម្ងឺទូទៅ ចំនួន ៣០នាក់ ជម្ងឺសង្គ្រោះបន្ទាន់ ចំនួន ១២នាក់ និងសម្ភព ចំនួន ២៥នាក់៕