(ប៉ៃលិន)៖ អគារថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មានបណ្តោយ ៨៥,១ ម៉ែត្រ ទទឹង៤៩,២ ម៉ែត្រ កម្ពស់០៣ជាន់ គិតពីជាន់ផ្ទាល់ដីឡើងទៅមានទំហំសរុប ៨.៧០០ម៉ែត្រការ៉េ ដែលចំណាយថវិកាសាងសង់អស់ចំនួន ២,៤៨៦,២០០.៥៥ ដុល្លារ ក្រោមការគាំទ្រ ថវិការពីដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវសាងសង់ក្នុងរយៈពេល ១៦ខែ ដោយគិតចាប់ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ហើយ។

ពិធីបញ្ចុះបឋមសិលាសាងសង់នេះ បានធ្វើឡើងស្ថិតក្រោមអធិបតីលោក ផាន់ ចាន់ធុល អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ នៅតាមមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងក្រុមហ៊ុនសាងសង់ជាច្រើនរូបទៀតផងដែរ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

ក្នុងឱកាសនោះ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ការសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងដៃគួរអភិវឌ្ឍន៍បានខិតខំរួមគ្នា ដើម្បីពង្រីកសេវាសុខាភិបាលសាធារណៈឱ្យខិតជិតប្រជាជនងាយស្រួល ក្នុងការទទួលសេវាសុខមាលភាពរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់លើវិស័យសុខាភិបាល គឺមន្ទីរសុខាភិបាលខេត្ត ដែលគ្រប់គ្រងទៅលើមន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ត្រូវ អប់រំមន្រ្តីរបស់ខ្លួនមួយចំនួនតូចដែលមិនយកចិត្តទុកដាក់ ពិនិត្យព្យាលបាលអ្នកជំងឺ ត្រូវកែប្រែឥរិយាបថដោយអនុវត្តន៍តាមជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ជាពិសេសមន្ទីរពេទ្យ មួយចំនួនត្រូវតែកាត់បន្ថយការធ្វើឯកសារផ្សេងៗ ឬទារលុយពីអ្នកជម្ងឺ ដោយត្រូវពិនិត្យ និងព្យាបាលអ្នកជំងឺជាមុនសិន (សម្រាប់អ្នកជំងឺដែលត្រូវសង្រ្គោះ) ដូច្នេះការកែប្រែសកម្មភាពអវិជ្ជមាន ទាំងអស់នេះនឹងធ្វើឱ្យការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋមកលើវិស័យសុខាភិបាលនៅក្នុងខេត្ត និងថ្នាក់ដឹកនាំខេត្ត កាន់តែត្រូវកាត់បន្ថយ ហើយម៉្យាងទៀត បានធ្វើឱ្យខេត្តប៉ៃលិន ជាខេត្តគំរូក្នុងការជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋបានល្អប្រសើរ។

ជាចុងក្រោយ លោក ផាន់ ចាន់ធុល បានកោតសរសើរចំពោះក្រុមគ្រូពេទ្យជំនាញដែលកន្លងបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាពជូនប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទុបស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។

បើតាមរបាយការណ៍របស់ លោកអនុបណ្ឌិត ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនថ្មី បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកចំនួន ១, មណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន៣ និងនៅស្រុកសាលាក្រៅចំនួន៣៕