(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសរបស់កម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០។

ក្រសួងបានបញ្ជាក់ឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្គួរមកលើកម្ពុជា។ ខណៈប្រព័ន្ធសម្ពាធទាបអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។

ស្ថានភាពបែបនេះធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
ភ្លៀងនឹងអាចធ្លាក់រាយប៉ាយ ជាមួយនិងបរិមាណពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកខ្លះ អាចមានភ្លៀងធ្លាក់ខ្លាំង ។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះ អាចមានភ្លៀងធ្លាក់ច្រើន ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ។

ក្រសួងបានអំពាវនាវសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ០៤ ខែសីហា ផ្នែកខ្លះនៃបណ្តាខេត្តនៅទីទំនាបជាប់ជួរភ្នំ និងផ្លូវទឹក សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង។ ដោយឡែកនៅលើផ្ទៃសមុទ្រនឹងអាច មានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្របក់បោកខ្លាំងចាប់ពីថ្ងៃទី ០១-០៣ ខែសីហា៕