(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៌ទោ បែន រ័ត្ន បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ កំលាំងអធិការរដ្ឋាន សហការជាមួយកំលាំងប៉ុស្តិហាន់ជ័យ និងកំលាំងការិល័យកំរិតស្រាលប្រចាំការស្រុក បានតាមចាប់ខ្លួនជនដៃដល់ម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធ ការវាយមន្រ្តីនគរបាលស្រុកកំពង់សៀមម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។
លោកឧត្តមសេនីយ៌ស្នងការ បានបញ្ជាក់ថា "នៅល្ងាចនេះ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចាប់ខ្លួន របស់លោក អ៊ុ ចាន់ថុល ចៅក្រមសើុបសួរសាលាដំបូងខេត្តកំពង់ចាម កម្លាំងយើងបានតាមស្រាវជ្រាវរហូត តាមចាប់ជនទី៥ ឈ្មោះព្រួ សុខជា នៅឃុំហាន់ជ័យ ក្រោយពីបក្ខពួក៤នាក់ ត្រូវបានយើងចាប់បាន ហើយក៏ត្រូវតុលាការឃុំខ្លួនផងដែរ"។
សូមបញ្ជាក់ថា មន្រ្តីនគរបាល ស្រុកកំពង់សៀម លោកព្រិន្ទបាលទោ ឡុង វុត្ថា ដែលត្រូវបានក្រុមក្មេងពាល ព្រួតវាយចំក្បាលពីក្រោយ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលមន្រ្តីនគរបាលរូបនេះ បានចូលទៅជួយអន្តរាគមន៍ និងបង្ក្រាបពួកគេពេលកំពុងដេញ កាប់ចាក់គ្នាកាលពីថ្ងៃទី២៦ ខែធ្នូកន្លងទៅនោះ បានទទួលមរណភាពនៅថ្ងៃទី១៦ ខែមករា ។
ជនរងគ្រោះ និងក្រុមគ្រួសារកាលពីពេលថ្មីៗ កន្លងទៅក៏ធ្លាប់បានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ សម្រាប់ការព្យាបាលរបួស ពេលសម្រាកនៅមន្ទីរពេទ្យ។
លោកព្រិន្ទបាលទោ ឡុង វុត្ថា ត្រូវបានក្រុមក្មេងពាល ព្រួតវាយចំក្បាលពីក្រោយ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលមន្រ្តី នគរបាលរូបនេះ បានចូលទៅជួយអន្តរាគមន៍ និងបង្ក្រាបពួកគេពេលកំពុងដេញ កាប់ចាក់គ្នាកាលពីថ្ងៃទី២៦ ខែធ្នូ កន្លងទៅ។ ក្រោយមានករណីនេះកើតឡើង ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមិត្តនគរបាលរួមអាជីព បានជួយឧបត្ថម្ភជាបន្តបន្ទាប់ដល់ ជនរងគ្រោះ សម្រាប់ការព្យាបាល និងត្រូវការវះកាត់ចំនួន២លើក។
ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន ស្តីពីការជួបគ្រោះថ្នាក់ ពេលកំពុងបំពេញការងារ របស់ជនរងគ្រោះរួចមក ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលខេត្ត បានជួយឧបត្ថម្ភភ្លាមៗផងដែរ។ សម្រាប់ជនបង្កទាំង៤នាក់ ក៏ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ ហើយនៅថ្ងៃនេះ ក៏តាមចាប់ជនដៃដល់ម្នាក់ទៀត ជាជនទី៥ ៕