(ភ្នំពេញ)៖ ក្រុមបាល់ទាត់ Cambodian All Stars របស់កម្ពុជា បានប្រកួតឈ្នះក្រុមជើងឯកថៃ Buriram United ដោយលទ្ធផល ៦-៥ ជាមួយនឹងការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី បន្ទាប់ពីក្រុមជើងខ្លាំងទាំងពីរ ប្រកួតស្មើគ្នា ២-២ ក្នុងការប្រកួតពេញម៉ោង ៩០នាទី នៃជំនួបមិត្តភាព ដើម្បីសប្បុរសធម៌ នៅលើទីលានពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់មុននេះបន្ដិច ។
នេះជាជោគជ័យដ៏ធំរបស់ក្រុម Cambodian All Stars ក្រោយក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជាមួយនេះ បានយកឈ្នះក្រុមជើងឯកថៃ Buriram United និងក្រុមជើងឯករងថៃ Muangthong United ដោយលទ្ធផល ៤-៣ កាលពីថ្ងៃទី១៦ ខែមករាកន្លងទៅ ហើយក៏ជាសមិទ្ធិផល ដែលធ្វើឲ្យពិភពលោក ពិសេសប្រទេសក្នុងតំបន់ស្គាល់កាន់តែច្បាស់ពីភាពរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជាផងដែរ ។
សម្រាប់ជំនួបមិត្តភាពអន្ដរជាតិ គឺថាក្រុមភ្ញៀវ Buriram United បានទទួលគ្រាប់បាល់នាំមុខ ១គ្រាប់មុននឹងបញ្ចប់តង់ទី១ ។ បន្ទាប់មកទើបខ្សែប្រយុទ្ធកំពុងធ្លាក់ប្រជាប្រិយភាព ប្រាក់ មុន្នីឧត្តម រកបានគ្រាប់បាល់តាមស្មើ ១-១ វិញនៅនាទី ទី៦៧ ។ បន្ដិចក្រោយមកកីឡាករប្រេស៊ីលរបស់ Buriram United បានធ្វើសម្រេចគ្រាប់បាល់នាំមុខជាថ្មី ប៉ុន្ដែត្រូវខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា វាយបកតាមស្មើវិញ ២-២ រហូតដល់ចប់ការប្រកួពេញម៉ោងតែម្ដង ។
ថ្វីត្បិតនេះជាការប្រកួតមិត្តភាពក៏ពិតមែន ប៉ុន្ដែគណៈកម្មការតម្រូវឲ្យក្រុមទាំងពីរ ប្រកួតរកឈ្នះ និងចាញ់ ដើម្បីក្លាយជាម្ចាស់ពានមិត្តភាពជាប្រវត្តិសាស្ដ្រនេះ តាមរយៈការទាល់បាល់ប៉េណាល់ទីចម្ងាយ ១១ម៉ែត្រចំនួន ៥គ្រាប់ម្ខាង ដើម្បីកាត់សេចក្ដី ។ ជាលទ្ធផលកីឡាករក្រុម Cambodian All Stars របស់កម្ពុជា ធ្វើសម្រេចបាន ៤គ្រាប់ រីឯកីឡាករ Buriram United ធ្វើសម្រេចបានត្រឹម ៣គ្រាប់ប៉ុណ្ណោះ ។ ដូច្នេះក្រុម Cambodian All Stars ជាអ្នកឈ្នះ និងគ្រងពានមិត្តភាពនេះ ។
គួរបញ្ជាក់ថា នេះគ្រាន់តែជាប្រកួតលក្ខណៈមិត្តភាព ដើម្បីសប្បុរសធម៌ និងអបអរសាទរខួបលើកទី ៦៥ឆ្នាំ នៃទំនាក់ទំនងកាទូតប្រទេសកម្ពុជា និងថៃ ។ ចំណែកថវិការទទួលបានពីការលក់សំបុត្រ និងអាវអនុស្សាវរីយ៍ នឹងប្រគល់ជូនមន្ទីរពេទ្រគន្ធបុប្ឋាទាំងអស់ ដោយគ្មានការដកមកចំណាយលើការរៀបចំអ្វីឡើយ ។ ចំណែកឯអ្នកចូលរួមទស្សនាមានប្រមាណជិត៦ម៉ីននាក់៕
ទស្សនាវីដេអូ Highlight៖