(ស្ទឹងត្រែង-ក្រចេះ-រតនគិរី)៖ ដោយមានការចង្អុរណែនាំរបស់ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ១៩ដល់ ២២ ខែមករា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានចាត់បញ្ជូនមន្ត្រី ជំនាញរបស់ នាយកដ្ឋានចំនួន០៤រូប គឺលោកឧត្តមសេនីយ៍ត្រី ឡុង ធូ អនុប្រធាន នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោក វរសេនីយ៍ទោ សាយ សំអាត នាយរងការិយាល័យ លោក វរសេនីយ៍ទោ អៃ សំអាន នាយរងការិយាល័យ និងលោកអនុសេនីយ៍ឯក អ៊ឹង វណ្ណៈ នាយផ្នែក ទិន្ន័យនីតិវិធីបានចុះពង្រឹង ស្តីពីនីតិវិធីប្រតិបត្តិការតាមដងផ្លូវ និងក្រមសីលធម៌ ដល់មន្រ្តីនគរបាលចរាចណ៍ ខេត្ត ចំនួន០៣ គឺមានខេត្ត ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តរតនគីរី មានសមាសភាពចូលរួម ចំនួន២៨៦នាក់។
ក្នុងនោះមានអធិការក្រុង ស្រុកនាយ-នាយរងការិយាល័យចរាចរណ៍ និងសណ្តាប់ធ្នាប់ នាយ-នាយរង ផ្នែកចរាចរណ៍ និងសណ្តាប់ធ្នាប់ ព្រមទាំងមន្ត្រីពាក់ព័ន្ធនឹងខាងផ្នែកចរាចរណ៍ មួយចំនួន ទៀតផងដែរ។
បន្ទាប់ពីទទួលបាននូវការពង្រឹងនិងបំប៉នបន្ថែម ពីនីតិវិធីនៃកិច្ចប្រតិបត្តិការ និងក្រមសីលធម៌ រួចមកមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកទាំងអស់ប្តេជ្ញា យកចំណេះដឹងទើបនឹងទទួលបាលថ្មីៗនេះយក ទៅអនុវត្ត អោយមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី៕