(ភ្នំពេញ)៖ ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News នៅល្ងាចនេះថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ សមត្ថកិច្ចត្រួតពិនិត្យឃើញថា មានរថយន្ត ជាង១០០គ្រឿង បានបើកបរលើសល្បឿនកំណត់ តាមការកំណត់ក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលបានកំណត់ឲ្យបើកបរក្នុងល្បឿន ៨០Km/h។
នៅអំឡុងពេលត្រួតពិនិត្យ (បាញ់ល្បឿនឡាន) សមត្ថកិច្ចបានកត់សំគាល់តាមលក្ខណៈបច្ចេកទេសឃើញថា មានរថយន្តជាង១០០គ្រឿង បានបើកបរលឿនល្បឿនកំណត់។ រថយន្តខ្លះបើកបរក្នុងល្បឿន ១០៣Km/h ១០៤Km/h ១០៥Km/h ១១៤Km/h ១១៥Km/h ១១៦Km/h និង១២០Km/h ជាដើម។ (សូមមើលក្នុងរូបភាព លេខពណ៌ក្រហម)
ការចុះប្រតិបត្តិការត្រួតពិនិត្យនេះ បានធ្វើឡើងក្រោយពីមានការណែនាំពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
សូមជំរាបថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦កន្លងមកនេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់បន្ថែមថា អគ្គស្នងការនគរបាលជាតិ និងបន្ថែម កម្លាំងនគរបាលចរាចរណ៍ថែមទៀត ទាំងវេនយប់ និងទាំងវេនថ្ងៃ ដោយផ្តោតទៅលើការត្រួតពិនិត្យល្បឿនយានយន្ត (បាញ់ល្បឿនឡាន) និងជាពិសេស ត្រួតពិនិត្យគ្រឿងស្រវឹងនៅពេលបើកបរ នាពេលយប់។
នៅថ្ងៃដដែលនេះ អ្នកនំាពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីយប់នេះ វេលាម៉ោង១១តទៅ កំលាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នឹងចុះត្រួតពិនិត្យ អ្នកបើកបរមានសារធាតុញៀននិងគ្រឿងស្រវឹងនៅតាមគ្រប់បណ្តាខណ្ឌនានានៅទូទាំងរាជធានី។ ជាតិអាកុល ចាប់ពី០,៤០មីលីក្រាម ក្នុង១លីត្រខ្យល់ឡើង ទៅ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១ខែដល់៦ខែ និងពិន័យជាប្រាក់បន្ថែមទៀត៕