(ស្វាយរៀង)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ សមកិច្ចជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ ចំនួន៧នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
អាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឱ្យកម្លាំងមន្ទីយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រតិបត្តិការនេះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់មានទី១៖ ឈ្មោះ តាំង វីរ:តុង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិទួលអំពិល សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ទី២៖ ឈ្មោះ សៀ វទ្ធី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបើកបររថយន្ត ទីលំនៅបច្ចុប្បន្នភូមិទី១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទី៣៖ ឈ្មោះ សៀ វណ្ឌី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៤៖ ឈ្មោះ ឡាក់ សឿ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរពិតប្រាដក មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ទី៥៖ ឈ្មោះ ខ្មៅ ស៊ីណា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរពិតប្រាដក មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ទី៦៖ ឈ្មោះ ខ្មៅ រស្មី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរពិតប្រាដក មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
មន្ត្រីអាវុធហត្ថបានបន្តថា ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថនាំមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឈ្មោះ សៀ វណ្ឌី បានសារភាពថា ខ្លួនធ្លាប់ ទិញថ្នាំញៀនពីឈ្មោះ ហង្ស សុគន្ធខេន (ហៅដែន)។ បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ក៏បានសុំគោលការណ៍ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីពន្លាតសមត្ថកិច្ចដែនដីទៅរាជធានីភ្នំពេញ។
រហូតដល់ម៉ោង ១៣៖០០នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជ អាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ដឹកនាំដោយលោកឧត្តមសេនីយ័ត្រី អ៊ុង ដេប៉ូ ស្នងការរងស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាប បទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងសមត្ថកិច្ចបានប្រើវិធានញុះញង់ឱ្យលក់ដោយខុសច្បាប់នូវសាធារតុញៀនដោយឲ្យឈ្មោះ សៀ វណ្ឌី ធ្វើការទំនាក់ ទំនងទៅឈ្មោះ ហង្ស សុគន្ធខេន ដើម្បីទិញថ្នាំញៀនបន្ទាប់មកឈ្មោះហង្ស សុគន្ធខេន បានណាត់ឈ្មោះ សៀ វណ្ឌី ទៅយកថ្នាំញៀននៅស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រហូតដល់ម៉ោង ១៣៖៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ពេលដែលសមត្ថកិច្ចមកដល់កន្លែងណាត់ជួបជនសង្ស័យជិះម៉ូតូម៉ាកហុងដា C125 ពាក់ស្លាក់លេខ 1ll 7134 មកម្នាក់ឯង ពេលឃើញសមត្ថកិច្ចក៏បានផ្តួលម៉ូតូចោលរួចរត់គេចចូលបឹងឈូក ហើយពេលសមត្ថកិច្ចឆែកម៉ូតរបស់ជនសង្ស័យ រកឃើញ ថ្នាំញៀនចំនួន ០១កញ្ចប់ ក្រោយមកសមត្ថកិច្ចក៏បានហ៊ុមព័ទ្ធបឹងឈូកនោះក៏ចាប់បានជនសង្ស័យម្នាក់ ឈ្មោះ ស៊ុ សារិត អាយុ ៣៤ឆ្នាំ មុខរបរចុងភៅ មានទីលំនៅ ភូមិជ្រលង ឃុំជ្រលង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកឈ្មោះ ហង្ស សុគន្ធខេន ហៅដែន ភេទប្រុសអាយុ ២៧ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរត់គេចខ្លួនបាត់។
ប្រតិបត្តិការខាងលើដកហូតវត្ថុតាងសរុបរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ៣៩កញ្ចប់ មានទម្ងន់ ៣៣៦.១២ក្រាម (គិតទាំងសំបកវេចខ្ចប់), ម្សៅពណ៌លឿងចំនួន ០១កញ្ចប់ មានទម្ងន់ ១.២៨ ក្រាម (គិតទាំងសំបកវេចខ្ចប់), ទូរសព្ទដៃ ០៥គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង, គ្រាប់អាវុធចំនួន៣០, ម៉ូតូចំនួន០២គ្រឿង
ប្រាក់រៀលចំនួន ៨០,០០០រៀល និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្ត កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕