(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវការណែនាំ ចំនួន៦ចំណុច ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ដ្រ៥ឆ្នាំបន្ដ ឲ្យទទួលបានជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត លើការងារបណ្ដុះបណ្ដាលជំនាញនគរបាលជាតិកម្ពុជា។

ការណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុប លទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល៥ឆ្នាំ បន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ រួមមាន៖

*ទី១៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ត្រូវពិនិត្យឡើងវិញលើកញ្ចប់ថវិកាប្រចាំឆ្នាំ២០២១ របស់បណ្ឌិត្យសភា ដែលបានកាត់ចេញ និងត្រូវខិតខំសម្របសម្រួល ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរក្សាកញ្ចប់ថវិកាតាមសំណើរបស់បណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់គាំទ្រដល់វគ្គសិក្សានានាដែលត្រូវបណ្តុះបណ្តាល។

*ទី២៖ អង្គភាពពាក់ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្ដល់តម្លៃ និងការលើកទឹកចិត្តដល់មន្ត្រី ដែលមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ដែលបញ្ចប់ការសិក្សានៅបណ្ឌិត្យសភា ឬនៅក្រៅប្រទេស។

*ទី៣៖ បណ្ឌិត្យសភាត្រូវបន្ដកសាងវប្បធម៌គុណភាព ក្នុងការបណ្ដុះបណ្ដាលកងកម្លាំងនគរបាល ឲ្យមានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈពិតប្រាកដ ឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ។

*ទី៤៖ បណ្ឌិត្យសភាត្រូវជំរុញការងារស្រាវជ្រាវ វិទ្យាសាស្ត្រនគរបាល និងត្រូវប្រមូលព័ត៌មាន ទាក់ទងទៅនឹងការប្រើប្រាស់ធនធានមនុស្ស ដែលបានបណ្ដុះបណ្ដាលរួច នៅតាមអង្គភាពប្រើប្រាស់កងកម្លាំងនានា។ ក្នុងន័យនេះ សម្ដេចស្នើសុំឲ្យគ្រប់អង្គភាពពាក់ព័ន្ធ ផ្ដល់កិច្ចសហការល្អជាមួយនឹងក្រុមការងារ ស្រាវជ្រាវរបស់បណ្ឌិត្យសភា។

*ទី៥៖ ទាក់ទងទៅនឹងសារៈមន្ទីរនគរបាលជាតិ ដែលគ្រោងសង់ថ្មីក្នុងបរិវេណបណ្ឌិត្យសភា សម្ដេចក្រឡាហោម ស ខេង បានលើកឡើងក្នុងអង្គប្រជុំកន្លងទៅរួចហើយ។ ហេតុនេះ សម្ដេចស្នើសុំ លោក ចាន់ អ៊ាន, លោក ម៉ៅ ប៊ុណ្ណារិន, លោក សេង យូអ៊ាន់ និងនាយឧត្តមសេនីយ៍ សេង ផល្លី ត្រូវជួបប្រជុំពិភាក្សាគ្នាអំពីការផ្ទេរការគ្រប់គ្រង និងការសាងសង់សារៈមន្ទីរនគរបាលជាតិនេះ។

*ទី៦៖ បណ្ឌិត្យសភាត្រូវបន្តខិតខំយកចិត្តទុកដាក់ អនុវត្តវិធានការណែនាំនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដូចជា ការពាក់ម៉ាស់ ការលាងដៃនឹងសាប៊ូ ជែល អាល់កុល ការវាស់កម្ដៅ ការរក្សាគម្លាតសុវត្ថិភាព ជាដើម៕