(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយអភិបាលរងខេត្តលោក អ៊ុភឿន គុណវុឌ្ឍ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ សហការជាមួយនឹងអាជ្ញាធរមូលដ្ឋានឃុំផ្អាវ ស្រុកបាធាយ ចាប់ផ្ដើមបើកប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវហើយ។

ដូចការគ្រោងទុកប្រតិបត្តិការនេះបានចាប់ផ្ដើមអនុវត្តក្រោយមានកិច្ចប្រជុំដោយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ពិភាក្សា ទៅលើកិច្ចការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវ ដោយហេតុថាកន្លងមកនៅតំបន់ទីប្រជុំជនផ្សារផ្អាវ មានការលក់ដូររំលោភលើចំណីផ្លូវ និងបង្ករភាពអនាធិបតេយ្យ ធ្វើឱ្យមានការកកស្ទះបាត់បង់សណ្ដាប់ធ្នាប់ ។

លោក ផេន សុផល អភិបាលស្រុកបាធាយ បានឲ្យដឹងថា នៅក្នុងផ្សារផ្អាវមានជាង ២០០តូប ដោយឡែកនៅផ្នែកខាងក្រៅផ្សារជាប់នឹងដងផ្លូវលេខ៦ នឹងផ្លូវសម្ដេចតេជោ មានជាង ៥០គ្រែលក់មុខផ្សារ និងក្រោយ១០ផ្ទះ និងកន្លែងលក់ត្រីមាន ១៥០កន្លែង ហើយកន្លែងលក់ដែលបង្ករភាពអាណាធិបតេយ្យគឺមានជាង ១០០កន្លែង អមសង ខាងផ្លូវសម្តេចតេជោខាងកើត និងខាងលិច។ ចំណែកជាប់ផ្លូវលេខ៦ មានជាង ៨០កន្លែងដែលក្នុងនោះមានការធ្វើសំយ៉ាបខិតមកថ្នល់ ដែលបង្ករឲ្យមានការ បាត់បង់សោភ័ណភាព នៅទីប្រជុំជនផ្សារនេះផងដែរ។

ក្រុមមន្ត្រីជំនាញ និងអាជ្ញាធរដែនដី បានចុះវាស់វែងដោយកំណត់យកត្រឹមមាត់លូចូលក្នុងប្រវែង ២ម៉ែត្រ នៃថ្នល់ជាតិទាំងសងខាង។ ទន្ទឹមនឹងនោះក្រុមអាជ្ញាធរបានធ្វើ ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក៏ដូចជាក្រុមអាជីវករដែលបានសាងសង់ប៉ះពាល់លើដីចំណីផ្លូវ នឹងត្រូវឲ្យរៀបចំរួសរើក្នុងរយៈពេល ៣ថ្ងៃ មុនពេលអាជ្ញាធរចុះ ធ្វើការឈូសឆាយ។

គួរបញ្ជាក់ផងដែរថា ក្នុងខណៈពេលដែលក្រុមអាជ្ញាធរចេញប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវនេះ ក៏មានមតិប្រជាពលរដ្ឋជាច្រើនបានសាទរ ពេញចិត្តនឹង ចំណាត់ការនេះដោយពួកគាត់អះអាងថា នឹងអស់កង្វល់រឿងគ្រោះថ្នាក់ចរាចរណ៍ ឬកកស្ទះចរាចរណ៍នៅក្នុងតំបន់ទីប្រជុំជនផ្សារផ្អាវទៅថ្ងៃមុខ៕