(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយច្រានចោលទាំងស្រុងចំពោះព័ត៌មានតាមបណ្តាញសង្គម Facebook មួយដោយបានបង្ហោះថា បុរសម្នាក់បានចងកសម្លាប់ខ្លួន ព្រោះតែគ្មានលុយសងធនាគារនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយនៅក្រៅប្រទេសដែលមានឈ្មោះថា «Sadam Husen» បានសរសេរថា «បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ ខ្លួននៅលើដើមពោធិ៍ដោយសារ តែគ្មានសមត្ថភាពសងបំណុលធនាគារជំពាក់វ័ណ្ឌក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ»។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចោលទាំងស្រុង ចំពោះគណនីហ្វេសប៊ុកមួយនេះ ជាព័ត៌មានមិនពិតដោយផ្អែកលើមូលដ្ឋានដូចខាងក្រោម៖
*ទី១៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៣៖៣០នាទីនៅចំនុចមុខវត្តព្រះពុទ្ធ ឃោសាចារ្យ ផ្លូវលេខ៤៧ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពិតជាមានករណី ជនអនាថាម្នាក់ បានធ្វើអត្តឃាតដោយចងក។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ដែលបានធ្វើកោសល្យវិច្ច័យ បានឲ្យដឹងថា បុរសម្នាក់នេះបានធ្វើអត្តឃាតចងកដោយខ្លួនឯង មិនមានពាក់ព័ន្ធ និងបំណុលអ្វីឡើយ។
*ទី២៖ យោងតាមរបាយការណ៍លម្អិតរបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលស្រះចក និងក្រុមគ្រូពេទ្យ ក៏បានធ្វើការបូមទឹកនោមពីក្នុងខ្លួនសាកសពចំនួន (10cc) យកទៅធ្វើការវិភាគ ជាលទ្ធផលមានវិជ្ជមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន។
*ទី៣៖ ក្រោយសភាពការណ៍កើតឡើង កម្លាំងឯកភាពជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះការពារកន្លែងកើតហេតុ និងរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការ ធ្វើកោសល្យវិច្ច័យ ពិនិត្យសព ដោយបានបញ្ជាក់ថា បុរសម្នាក់នេះបានស្លាប់ដោយចងក ធ្វើអត្តឃាត និងមានសារធាតុញៀនក្នុងខ្លួន។
*ទី៤៖ ក្រោយពីពិនិត្យសាកសពរួចរាល់ ការិយាល័យនគរបាលជំនាញបច្ចេកទេស បានប្រគល់សពឲ្យមន្ត្រីនគរបាល ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីដឹកយកទៅតម្កល់នៅវត្តទួលអស់លោក និងធ្វើបុណ្យតាមប្រពៃណី ៕