(សៀមរាប)៖ គ្រូស្នងរូប ដែលបាននាំអ្នកមានជំនឿរបស់ខ្លួន ទៅធ្វើពិធីជាន់ឈ្លីលើរូបសំណាក «លោកយាយទេព» នៅក្រុងសៀមរាប លើផ្លូវលេខ៦ ក្បែរអាស្រមព្រះអង្គចេក ព្រះអង្គចម ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តសៀមរាប តាមចាប់ខ្លួនបានហើយនៅម៉ោង២រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ ក្នុងផ្ទះគ្រូស្នងរូបស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
គ្រូស្នងរូប រូបនេះ មានឈ្មោះថា ឡាញ់ ស្រស់ អាយុទើបតែ ៣៥ឆ្នាំប៉ុណ្ណោះ។
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានប្រាប់ Fresh News នៅរសៀលថ្ងៃនេះថា ក្រោយពីឃាត់ខ្លួន គ្រូស្នងរូប នឹងត្រូវយកទៅឲ្យសុំទោសសាធារណជននៅរូបសំណាក «លោកយាយទេព» ចំពោះទង្វើជាន់ឈ្លីលើទីសក្ការៈរបស់មនុស្សទូទៅ។ បើតាមលោកអភិបាលខេត្តបានឲ្យដឹងបន្ថែមថា គ្រូស្នងរូប ក៏ត្រូវបានឲ្យធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពរបស់ខ្លួនផងដែរ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោក ប៉ោ វណ្ណិត បានឲ្យដឹងថា គ្រូស្នងរូប រូបនេះ មិនត្រូវបានដាក់ទោសទណ្ឌ ឬបញ្ជូនទៅតុលាការនោះទេ ដោយគ្រាន់តែធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួនតែប៉ុណ្ណោះ។
សូមជំរាបថា កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦កន្លងទៅ គ្រូស្នងរូបវ័យក្មេងរូបនេះ បាននាំអ្នកមានជំនឿរបស់ខ្លួនជាច្រើននាក់ ទៅធ្វើពិធីបញ្ចូលរូប ដោយអង្គុយលើរូបសំណាក «លោកយាយទេព» តែម្តង។ បន្ទាប់ពីការធ្វើទង្វើនេះ នាំឲ្យប្រជាពលរដ្ឋខេត្តសៀម រាប ក៏ដូចជាអ្នកទេសចរ ដែលមានជំនឿលើ «លោកយាយទេព» មានការខឹងសម្បាយ៉ាងខ្លាំង ដោយហៅទង្វើនេះថា ជាការជាន់ឈ្លីមួយធ្ងន់ធ្ងរទៅវត្ថុស័ក្តិសិទ្ធជាទីសក្ការបូជារបស់ពួកគេ។
ក្រោយការប្រតិកម្មរបស់ប្រជាពលរដ្ឋប៉ុន្មានថ្ងៃប៉ុណ្ណោះ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានដាក់បទបញ្ជាឲ្យមន្ទីរធម្មការ និងសមត្ថកិច្ចខេត្ត ចុះស្រាវជ្រាវ ឈានដល់វែកមុខគ្រូស្នងរូបនេះតែម្តងនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ៕