(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្ត មន្ត្រីមូលដ្ឋាន សហការជាមួយមន្ទីរសុខាភិបាល បើកយុទ្ធនាការបង្ការជំងឺគ្រុនឈាម និងជំងឺឈីក នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួម លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកមង្គលបូរី និងក្រុមគ្រូពេទ្យមកពីមន្ទីរសុខាភិបាលជាច្រើននាក់។

លោក លី សារី បានឲ្យដឹងថា ក្រោយពីមានការផ្ទុះឡើងខ្លាំង នូវជំងឺគ្រុនឈីកយ៉ាងខ្លាំង នៅក្រុងប៉ោយប៉ែត ដល់ទៅ៦ភូមិនោះ កន្លងមករដ្ឋបាលខេត្ត បានចេញបញ្ជាឲ្យបើកយុទ្ធនាការបង្ការកំចាត់ជំងឺគ្រុនឈាម និងជំងឺឈីកនេះ ឲ្យបានទាន់សភាពការណ៍។

លោកបានបន្តទៀតថា លុះនៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ លោកនិងក្រុមការងារ ចុះដាក់ថ្នាំអាបែតនៅក្នុងមូលដ្ឋាន ក្នុងភូមិក្នុងស្រុក មង្គលបូរីយ៉ាងសស្រាក់ស្រស្រាំពេញ១ថ្ងៃតែម្តង។ លោកថា ក្នុងយុទ្ធនាការដាក់ថ្នាំអាបែតតាមភូមិក្នុងនោះ លោកបានធ្វើការផ្សព្វផ្សាយអប់រំ ការបង្ការ និងការពារជំងឺគ្រុនឈាម និងជំងឺគ្រុនឈីកនេះ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកមង្គលបូរី យ៉ាងផុលផុសផងដែរ។

លោកបានបញ្ជាក់ទៀតថា ក្នុងការបើកយុទ្ធនាការផ្សព្វផ្សាយអប់រំ ការបង្ការ និងការពារជំងឺគ្រុនឈាម និងគ្រុនឈីកនេះ មានគោលបំណង ផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ឲ្យបានយល់ដឹងអំពីជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក វាជាជំងឺដ៏កាចសាហាវ ដែលឲ្យចូលរួមសហការទប់ស្កាត់ ការរាតត្បាតនៃជំងឺគ្រុនឈាម និងជំងឺគ្រុនឈីកនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយអត្រាស្លាប់ នៃជំងឺទាំង២នេះឲ្យបានខ្ពស់។

លោកបន្តថា ជំងឺគ្រុនឈាម ពិសេសគ្រុនឈីកក្នុង ឆ្នាំ២០២៩នេះ ខុសពីឆ្នាំមុនៗ ព្រោះកាលមុនជំងឺនេះ កើតនៅលើតែកុមារ តែនៅពេលសព្វថ្ងៃនេះ គឺកើតនៅលើ មនុស្សគ្រប់វ័យដែរ ដូចនេះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នចំណុះ បានចេញគោលការណ៍ណែនាំ ឲ្យមន្ត្រីនិងប្រជាពលរដ្ឋទាំងអស់ សហការគ្នាជាមួយ មន្ទីរសុខាភិបាលខេត្ត ដើម្បីចូលរួមទប់ស្កាត់ កុំឲ្យរីករាលដាលនៃជំងឺគ្រុនឈាម និងគ្រុនឈីកនេះ ទៅលើបងប្អូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានបន្តទៅទៀត។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា សព្វថ្ងៃនេះ ក្រុមការងារកំពុងបើកយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយតាមរយៈរថយន្តចល័ត ការដាក់ថ្នាំអាបែតក្នុងអាងពាងទឹក នៅតាមខ្នង ផ្ទះរបស់ប្រជាពលរដ្ឋ និងការធ្វើអនាម័យសំអាតបរិស្ថាន បំបាត់ជម្រកមូសខ្លា និងបន្តធ្វើយុទ្ធនាការ នៅតាមបណ្តាស្រុកមួយចំនួនទៀត ដែលមានការផ្ទុះជំងឺគ្រុនឈាម និងគ្រុនឈីកផងដែរ។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ដល់កម្លាំងប្រដាប់អាវុធទាំង៣ស្ថាប័ន អាជ្ញាធរ និងសង្គមស៊ីវិលទាំងអស់ ត្រូវដឹកនាំចូលរួមកំចាត់នូវភ្នាក់ងារ ចម្លងជំងឺគ្រុនឈាមនេះ គឺមូលខ្លាត្រូវកំចាត់ដង្កូវទឹកដែលនៅតាមទឹកថ្លាត្រូវ យកចិត្តទុកដាក់ លើបញ្ហាការពារទប់ស្កាត់ ការរីករាលដាល នៃជំងឺគ្រុនឈាម និងគ្រុនឈីកនេះ ដោយការសំអាតបរិស្ថាន នៅក្នុងផ្ទះរបស់ខ្លួន គឺធ្វើយ៉ាងណាកុំឲ្យមានកន្លែងដក់ទឹកបាន មានថ្លុក សំបកកង់ សំបកដូង សំបកកង់ឡាន ត្រូវលុប និង ជីកកប់ ឲ្យបានស្អាត មិនត្រូវបណ្ដោយទុកឲ្យរបស់ដែលដក់ទឹកបាននាំឲ្យកើតមានដង្កូវទឹក និងមានមូសខ្លា។

លោកបញ្ជាក់ឲ្យដឹងទៀតថា បើយើងសង្ស័យថា កូនរបស់យើងមានអាការៈរោគដូចជា ក្តៅខ្លួនខ្លាំងលើស២ថ្ងៃ មានកន្ទួលក្រហមលើស្បែក ឈឺពោះ និងឈឺខ្លួនប្រាណត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅជិតផ្ទះ ជាបន្ទាន់កុំឲ្យលើសពី៨ថ្ងៃ ទើបអ្នកគ្រូពេទ្យអាចជួយសង្គ្រោះបាន៕