Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះពិនិត្យទីតាំងកន្លែងព្យាបាលអ្នកជំងឺកូវីដ ខណៈអ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជាកើនឡើង និងរកឃើញអ្នកឆ្លងកូវីដ១៩ ជាបន្តបន្ទាប់

25-07-2020 13:59

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានចុះពិនិត្យទីតាំងកន្លែងអ្នកជំងឺកូដ១៩ បន្ថែមទៀត នៅមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ទោះអ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជាកាន់តែច្រើន ក៏មន្ដ្រីសុខាភិបាលយើង នៅតែខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការទប់ស្កាត់ និងចាប់ឱ្យជាប់អ្នកកូវីដ-១៩ ពីក្រៅប្រទេសមកព្យាបាល និងអ្នកមិនឈឺ ទៅចត្ដាឡីស័កតាមដានបន្ដ ដើម្បីប្រាកដប្រជាថាគ្មានកូវីដ-១៩»

ជាងនេះទៅទៀត រាល់អ្នកមកពីក្រៅប្រទេសទាំងអស់ គឺត្រូវបានពិនិត្យធ្វើតេស្ដ តាមដានឱ្យជាប់ មិនរំលងនរណាម្នាក់ឡើយ ដើម្បីទប់មិនឱ្យចម្លងបន្ដទៅអ្នកផ្សេង។ លើសពីនោះ រដ្ឋមន្ដ្រីបន្ដអំពាវនាវ នៅតាមសហគមន៍ត្រូវតែបន្ដប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះខ្លួនឯង ជាពិសេសចំពោះអ្នកចត្ដាឡីស័ក ត្រូវតែប្រាកដប្រជាថា ខ្លួនបានគោរពនូវវិន័យចត្ដាឡីស័ក ដោយនៅដាច់ដោយឡែក មិនត្រូវជួបជុំជាមួយក្រុមគ្រួសារ និងមិត្ដភ័ក្រជិតខាងនោះឡើយ។

គិតត្រឹមព្រឹកនេះ អ្នកដំណើរពីក្រៅប្រទេស ចំនួន២៣,៥០០នាក់ហើយ ដែលបានត្រឡប់ចូលមកកម្ពុជា រកឃើញកូវីដ១៩ ចំនួន១០៨នាក់ គិតចាប់ពីកម្ពុជាអនុញ្ញាតឱ្យជនបរទេស មកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសកម្ពុជាធម្មតាវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបទាំអស់ ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់)។ ក្នុងនោះព្យាបាលជាសះស្បើយមានចំនួន ១៤៣នាក់ (ស្រី ៣៩នាក់ និងបុរស១០៤នាក់) ហើយអ្នកកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋមានចំនួន ៨០នាក់ (ស្រី ៥នាក់ និងបុរស ៧៥នាក់) ។ ជាមួយគ្នានេះអ្នកជំងឺជាស្ត្រីជនជាតិអាមេរិក ២នាក់ កំពុងសម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិក៕