(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១១លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៧នាក់ (ស្រី២នាក់) របួសធ្ងន់៨នាក់ (ស្រីម្នាក់) របួសស្រាល៤នាក់ (ស្រីម្នាក់) និងមិនពាក់មួក ពេលគ្រោះថ្នាក់មាន១៥នាក់ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បានបង្កឲ្យខូចខាតម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូច៦គ្រឿង និងរថយន្តធំ៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន៣លើក បត់គ្រោះថ្នាក់១លើក និងប្រជែងគ្រោះថ្នាក់២លើក។
លទ្ធផលនៃការអនុវត្ត ការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ បានបង្ហាញថា មានយានយន្ត ដែលចូលគោលដៅ មានចំនួន៤៣,៩៩៣ គ្រឿង ក្នុងនោះ មានម៉ូតូ ៥៧ភាគរយ។ ចំនែកយានយន្តដែលល្មើសច្បាប់វិញ មានចំនួន ៩,០១០គ្រឿង ស្មើ ៦១ភាគរយ។ ចំពោះការអប់រំ វិញ មានយានយន្ត ៤,១៦៥គ្រឿង ៤៦ភាគរយ និងការពិន័យ មានយានយន្ត ៤,៨៤៥គ្រឿង បង់ប្រាក់បាន ៦៩ភាគរយ។