Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាគោករកា តម្លៃ៦ម៉ឺនដុល្លារ នឹងសម្ពោធឲ្យប្រើប្រាស់នៅថ្ងៃស្អែក

24-07-2020 19:47

(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់គោករកា និងប្រធានក្រុមការងារចុះជួយសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំពិធីក្រុងពាលី ដើម្បីរៀបចំសម្ពោធស្នាក់ការគណបក្សសង្កាត់គោករកា ជាផ្លូវការនៅថ្ងៃស្អែក។

នៅក្នុងពិធីព្រះពុទ្ធសាសនាខាងលើនេះ ក៏មានការចូលរួមពី លោកស្រី មុំ ចាន់ដានី ប្រធានក្រុមការងារចុះជួយសង្កាត់គោករកា និងលោក សន ស៊ិន ប្រធានគណៈកម្មាធិការបក្សសង្កាត់គោករកា និងលោក ម៉ៅ បូរ៉ា អនុប្រធានប្រចាំការបក្សខណ្ឌ ព្រមទាំងសមាជិក សមាជិកា ក្រុមការងារ ជាច្រើនរូបផ្សេងទៀត។

លោកស្រី មុំ ចាន់ដានី បានលើកឡើងពីសមិទ្ធផលជាច្រើនក្នុងមូលដ្ឋានទុកជូនដល់ព្រះសង្ឃ ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍រួម។

ចំពោះការលេចចេញនូវសមិទ្ធផលថ្មីៗផ្សេងទៀត លោកស្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បានយកចិត្ដទុកដាក់ និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ជាក់ស្ដែងសមិទ្ធផលថ្មីៗ ដែលត្រូវបានកសាងឡើង ដោយរាជរដ្ឋាភិបាល មានគ្រប់ទីកន្លែង។

លោក សន ស៊ិន បានឲ្យដឹងថា ស្នាក់ការនេះ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សកម្ពុជារាជធានីភ្នំពេញ ។

លោកបន្តថា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាគោករកា ដែលក្រុងពាលីនាពេលនេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ និងរួចរាល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិពុទ្រា សង្កាត់គោករកា ដោយសង់លើផ្ទៃដី ប្រវែង២៤ម៉ែត្រ ទទឹង៩ម៉ែត្រ ក្នុងតម្លៃទឹកប្រាក់អស់ជិត ៦ម៉ឺនដុល្លារ៕