(ភ្នំពេញ)៖ សេចក្ដីណែនាំដែលចងក្រងឡើងដោយក្រសួងមហាផ្ទៃ ស្ដីពីកិច្ចការរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ គឺជាស្តង់ដារមួយមានសារសំខាន់ចាំបាច់ ក្នុងការអនុវត្តគ្រប់គ្រង និងចាត់ចែងកិច្ចការឲ្យមានលក្ខណៈត្រឹមត្រូវ និងមានភាពសមស្របគ្នាមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិទាំងមូល។
នេះគឺជាការលើកឡើងរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថិតនៅសាលាខណ្ឌ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយស្តីពីកិច្ចការរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុខ-ខណ្ឌ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
ក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក ជា ពិសី បានលើកឡើងថា ការអនុវត្តកិច្ចការរដ្ឋបាលបានត្រឹមត្រូវ និងមានប្រសិទ្ធភាព គឺជារឿងសំខាន់ និងចាំបាច់ហេតុនេះក្រសួងមហាផ្ទៃ បានរៀបចំឲ្យមានការពិគ្រោះយោបល់ជាច្រើនដងជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចងក្រងណែនាំ ស្តីពីកិច្ចការរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ។
លើសពីនេះ លោកអភិបាលខណ្ឌឫស្សីកែវ ក៏បានលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងវគ្គបណ្ដុះបណ្ដាល ដើម្បីយកមេរៀននេះទៅ បណ្ដុះបណ្ដាលបន្តដល់អ្នកពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងមូល អនុវត្តតាមការចងក្រងនៃសេចក្ដីណែនាំពីកិច្ចការរដ្ឋបាលដ៏សំខាន់មួយនេះ៕