(ភ្នំពេញ)៖ ដើម្បីសម្រួលចរាចរណ៍ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរមានភាពងាយស្រួល និងជាការលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងអ៊ុតកៅស៊ូបេទីមីណឺចំនួនពីរខ្សែ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ និងអនុវត្តដោយក្រុមហ៊ុន L.N.S.K ខន ស្ត្រាក់សិន ។
ការសម្រេចឲ្យមានការអ៊ុតកៅស៊ូបេទីមីណឺខាងលើនេះធ្វើឡើង ខណៈដែរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីខណ្ឌទួលគោក ចុះពិនិត្យមើល ស្ថានភាពផ្លូវទាំងពីរខ្សែនេះ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ពោលគឺក្រោយពីលោកអភិបាលរាជធានី បញ្ចប់ពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពានអាកាសថ្មើជើង ផ្សារដើមគរ ជាប់ព្រំប្រទល់ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ កំណាត់ផ្លូវទាំង២ខ្សែ ដែលគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺនេះ រួមមានផ្លូវលេខ១៨៦ និងផ្លូវលេខ២៤៧ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
លោក ឃួង ស្រេង ខណៈចុះពិនិត្យមើលស្ថានភាពផ្លូវទាំង២ខ្សែនេះ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការអ៊ុតកៅស៊ូលើបណ្ដោយផ្លូវ២ខ្សែក្នុងនោះមានផ្លូវលេខ១៨៦ និងផ្លូវលេខ២៤៧ ដោយអ៊ុត ជាប្រភេទកៅស៊ូបេទីមីណឺ ក្នុងនោះសម្រាប់ផ្លូវ២៤៧ គឺចាប់ផ្ដើមពីផ្លូវលេខ១៨៦ ដល់មុខសាលាបឋមសិក្សាទឹកល្អក់ ។ ចំណែកផ្លូវលេខ១៨៦វិញ និងអ៊ុតចាប់ពីផ្លូវលេខ២៤៧ ដល់ ២៦១។
ការអ៊ុតកៅស៊ូផ្លូវទាំងពីរខាងលើនេះ គឺដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍ ការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋអោយមានភាពងាយស្រួល ហើយក៏ជាការលើកសុភ័ណភាពរាជធានីភ្នំពេញ ឲ្យមានភាពស្រស់ស្អាតផងដែរ៕