(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានធានារ៉ាប់រង និងសោធន នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិយ័តករធានារ៉ាប់រងកម្ពុជា បានចូលរួមសម្របសម្រួល ក្នុងកម្មវិធីប្រគល់អំណោយសប្បុរសធម៌ ពីបណ្ដាគ្រឹះស្ថានធានារ៉ាប់រងចំនួន២៤នៅកម្ពុជា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នូវថវិកាសរុបចំនួន៣១,០០០ដុល្លារ និងឧបករណ៍វាស់កំដៅ ចំនួន៥០គ្រឿង ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមអបអរសាទរទិវាធានារ៉ាប់រង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។
គួររំលឹកថា «ទិវាធានារ៉ាប់រង» បានប្រារព្ធធ្វើឡើងជាលើកទី១ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្នុងគោលបំណងជួយជំរុញ ទីផ្សារធានារ៉ាប់រងកម្ពុជា ឲ្យកាន់តែរីកចម្រើន និងជួយលើកកម្ពស់ការយល់ដឹង របស់សាធារណជនឲ្យកាន់តែទូលំទូលាយ ក៏ដូចជាលើកទឹកចិត្ត ដល់គ្រឹះស្ថានធានារ៉ាប់រង ដែលបានប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន ប្រកបដោយអភិបាលកិច្ចល្អផងដែរ។
បច្ចុប្បន្ន វិស័យធានារ៉ាប់រងកំពុងបោះជំហានទៅមុខ ដោយភាពរឹងមាំដែលវឌ្ឍនភាពនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែង រួមគ្នាប្រកបដោយថាមពល នៃគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ជាក់ស្តែងគិតមកត្រឹមពេលនេះ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៦ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៣ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៥ បានចូលរួមប្រកបអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។
នេះគឺជាសក្ខីកម្មមួយបង្ហាញយ៉ាងច្បាស់ នូវទំនុកចិត្តរបស់អ្នកវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកំណើននៃការយល់ដឹង របស់ប្រជាជនចំពោះសារៈសំខាន់នៃការធានារ៉ាប់រង។ ក្នុងឆ្នាំ២០១៩ កន្លងទៅ បុព្វលាភធានារ៉ាប់រងសរុប នៃទីផ្សារធានារ៉ាប់រង សម្រេចបានប្រមាណ ២៥១.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ២៩% ធៀបនឹងឆ្នាំ ២០១៨ និងបានទូទាត់សំណងជូនអតិថិជនប្រមាណ៣៥.៤៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ៤៦% ធៀបនឹងឆ្នាំ២០១៨។
ការធានារ៉ាប់រង គឺជាផ្នែកមួយនៃប្រព័ន្ធហិរញ្ញវត្ថុ ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងរួមចំណែកផ្តល់នូវយន្តការ ការពារហានិភ័យ សម្រាប់រូបវន្តបុគ្គល និងនីតិបុគ្គល។ ការរីកចំរើនរបស់វិស័យធានារ៉ាប់រង ជាកត្តាមួយជំរុញឲ្យមានការរីកចំរើន លើវិស័យជាច្រើនទៀត តាមរយៈការវិនិយោគ លើមូលនិធិលើសរបស់ក្រុមហ៊ុនធានារ៉ាប់រង ដូចជាវិស័យអចលនទ្រព្យ សញ្ញាបណ្ណរបស់ប្រទេសកម្ពុជា ទីផ្សារមូលបត្រកម្ពុជា បរធនបាលកិច្ច និងវិស័យធនាគារ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ការពង្រឹងក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិ អភិបាលកិច្ច និងតម្លាភាព និងបណ្តាញសុវត្ថិភាព នៃការធ្វើបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលបានគាំទ្រមួយចំណែកធំ ក្នុងការធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុ ដំណើរការប្រកប ដោយប្រសិទ្ធភាព និងសុវត្ថិភាព និងបានចូលរួមយ៉ាងសំខាន់ ក្នុងការជួយដល់ការរីកចំរើន របស់វិស័យធានារ៉ាប់រងនៅកម្ពុជាផងដែរ។
កម្មវិធីសប្បុរសធម៌នេះ ទទួលបានការចូលរួមពីបណ្ដាគ្រឹះស្ថានធានារ៉ាប់រងចំនួន២៤ដូចខាងក្រោម៖
១៖ ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា «កម្ពុជា រី» ចំនួន៣,០០០ដុល្លារ
២៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី ចំនួន ២,៥០០ដុល្លារ
៣៖ ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក ចំនួន២,៥០០ដុល្លារ
៤៖ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី ចំនួន២,០០០ដុល្លារ
៥៖ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក ចំនួន២,០០០ដុល្លារ
៦៖ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក ចំនួន២,០០០ដុល្លារ
៧៖ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក ចំនួន១,៥០០ដុល្លារ
៨៖ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ភីអិលស៊ី ចំនួន២,៥០០ដុល្លារ
៩៖ ក្រុមហ៊ុន ស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក ចំនួន២,៥០០ដុល្លារ
១០៖ ក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អ៊ិនសួរេន ម.ក ចំនួន២,០០០ដុល្លារ
១១៖ ក្រុមហ៊ុនធានារ៉ាប់រង កម្ពុឡុនប៉ាក ភីអិលស៊ី ចំនួន១,០០០ដុល្លារ
១២៖ ក្រុមហ៊ុនធានារ៉ាប់រង អ៊ិនហ្វីនីធី ជេនណេរល អិនសូរេន ភីអិលស៊ី ចំនួន១,០០០ដុល្លារ
១៣៖ ក្រុមហ៊ុនធានារ៉ាប់រង នីវ៉ា អ៊ិនសួរេន (ខេមបូឌា) ម.ក ចំនួន១,០០០ដុល្លារ
១៤៖ ក្រុមហ៊ុនធានារ៉ាប់រង តារា អ៊ិនសួរិន ម.ក ចំនួន៧០០ ដុល្លារ
១៥៖ ក្រុមហ៊ុន ភីភល និង ផាតនើរ អ៊ិនសួរេន ភីអិលស៊ី ចំនួន៥០០ដុល្លារ
១៦៖ ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ចំនួន៥០០ដុល្លារ
១៧៖ ក្រុមហ៊ុនធានារ៉ាប់រង មេគង្គ ម៉ាយក្រូអ៊ិនសួរេន ចំនួន១,០០០ដុល្លារ
១៨៖ ក្រុមហ៊ុនធានារ៉ាប់រង មីលវីក (ខេមបូឌា) ម៉ាយក្រូ អ៊ីនសួរេន ភីអិលស៊ី ចំនួន៥០០ដុល្លារ
១៩៖ ក្រុមហ៊ុន អិមជីអេ អេស៊ា អ៊ិនសួរិន ប្រូឃើរ ខូ អិលធីឌី ចំនួន៥០០ដុល្លារ
២០៖ ក្រុមហ៊ុន ប្រូវីតា អ៊ីនសួរេន ប្រូកឃើរ ឯ.ក ចំនួន៥០០ដុល្លារ
២១៖ ក្រុមហ៊ុន ហ្វីលីព ចេណឺរ៉ល អ៊ីនសួរេន (ខេមបូឌា) ម.ក ចំនួន៥០០ដុល្លារ
២២៖ ក្រុមហ៊ុន ហ្វីលីព ឡាយហ្វ៍ អ៊ីនសួរេន (ខេមបូឌា) ម.ក ចំនួន៥០០ដុល្លារ
២៣៖ ក្រុមហ៊ុន ថាយហ្គើរម៉ា (ខេមបូឌា) អ៊ិនសួរេន ប្រូកឃើរ ឯ.ក ចំនួន៣០០ដុល្លារ
២៤៖ ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា កាមិនកូ ឧបករណ៍វាស់កំដៅចំនួន៥០គ្រឿង៕