(ភ្នំពេញ)៖ មន្រ្តីយោធានៅមូលដ្ឋានកងការពារអាកាសវរៈ៩១ បានចាប់ផ្ដើមបុកគ្រឹះសាងសង់អគារកម្ពស់៣ជាន់ នៅលើដីទំហំ៤៣,០៧៥ម៉ែត្រការ៉េ ដែលប្រជាពលដ្ឋចំនួន៣៥គ្រួសារតំណាងឲ្យ ១៤៥គ្រួសារ រស់នៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ អះអាងថា ជាដីចំណែករបស់ពួកគាត់ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញចំណារដ៏ខ្ពង់ខ្ពស់កាត់ចេញពីដីសរុបជាង ៩ហិកតា។
ពេលឃើញមន្រ្តីយោធាបុកគ្រឹះយ៉ាងដូច្នេះ ក្រុមប្រជាពលរដ្ឋបានចេញមកតវ៉ា ហើយរហូតមកដល់ពេលនេះមិនទាន់ទទួលបានដីនេះមកបែងចែកគ្នាកាន់កាប់នៅឡើយទេ ព្រោះតែមន្ត្រីថ្នាក់ក្រោម មិនព្រមអនុវត្តតាមចំណាររបស់សម្ដេច ដើម្បីបញ្ចប់វិវាទឡើយ ហើយបណ្ដែតបណ្ដោយឲ្យយោធាលួចរំលោភបំពានលក់ដីនោះជាបន្តបន្ទាប់ ទើបកើតរឿងមិនចេះចប់រហូមកដល់ពេលនេះ។
ជាក់ស្ដែងពេលនេះយោធាខាងលើ បានចាប់ផ្ដើមបុកគ្រឹះសាងសង់អគារកម្ពស់៣ជាន់ នៅលើដីដែលជាចំណែកពួកគាត់នេះ នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ពួកគាត់បានលើកគ្នាទៅធ្វើការតវ៉ាជាថ្មីទៀតហើយសង្ឃឹមថាថ្នាក់ដឹកនាំបានជ្រាប និងជំរុញដល់គណៈកម្មការដែលបង្កើតឡើងដោយក្រសួងការពារជាតិជួយដោះស្រាយជូន។
ប្រជាពលរដ្ឋបាននិយាយថា ដីខាងលើនោះមានទំហំជាង៤៣,០៧៥ម៉ែត្រក្រឡា ដែលជាដីចំណែករបស់ពួកគាត់ ដោយសម្ដេចតេជោ ហ៊ុន សែន បានចេញចំណារដ៏ខ្ពង់ខ្ពស់បែងចែកចេញ ពីដីសរុបជាង៩ហិកតា ដែលមានទំនាស់ដ៏រ៉ាំរ៉ៃជិត២០ឆ្នាំកន្លងមកហើយ ជាមួយយោធាកងការពារអាកាសវរៈ៩១។
កាលពីអំឡុងឆ្នាំ១៩៨៧ កងទ័ពការពារដែនអាកាសវរៈ៩១ បានខ្ចីដីរួមសាមគ្គីភូមិព្រៃទា ពីពួកគាត់ទំហំជាង៩ហិកតា ដើម្បីធ្វើជាមូលដ្ឋានកងទ័ពជាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយបានសន្យាថា និងប្រគល់មកឲ្យពួកគាត់វិញ នៅពេលដែលអ្នកភូមិត្រូវការ។ រហូតដល់ឆ្នាំ២០០២ ពួកគាត់បានទាមទារយកដីមកវិញដើម្បីចែកកូនចៅក្នុងភូមិ ដែលបែកគ្រួសារដើម្បីរស់នៅស្រាប់តែ យោធាមិនព្រមប្រគល់ឲ្យវិញឡើយ។
ក្រោយយោធាក្បត់ពាក្យសន្យាបែបនេះ ពួកគាត់បាននាំគ្នាតវ៉ាជាបន្តបន្ទាប់ ក្រោយមកយោងតាមចំណាររបស់សម្ដេចនាយករដ្ឋមន្រ្តី ក្រុមការងារដឹកនាំដោយសួងការពារជាតិ បានសម្រេចដូចខាងក្រោម៖
*ទី១៖ កាត់ដីទំហំជាង៣ហិចតា និងផ្តល់ប័ណ្ឌកម្មសិទ្ធិជូនទៅគ្រួសារកងទ័ពចំនួន១២៤គ្រួសារ
*ទី២៖ កាត់ដីទំហំ៤៣,០៧៥ម៉ែត្រការ៉េ ប្រគល់ជូនពួកគាត់៣៥គ្រួសារ តំណាងឲ្យ១៤៥គ្រួសារ
*ទី៣៖ ដីដែលនៅសល់ទំហំជាង១០,០៤០ម៉ែត្រការ៉េ រួមជាមួយដី២ហិចតាកន្លះ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ត្រូវប្រគល់ជូនកងទ័ពខាងលើនោះ៕