(កំពង់ឆ្នាំង)៖ រថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿង ដោយសារបើកបរក្នុងល្បឿនលឿននៅកណ្តាលក្រុង ពេលដល់ផ្លូវខ្វែងជា៤ ក៏បានបុករថយន្តរថយន្តធុនធំភ្លៅ៥ ចំពាក់កណ្តាលពេញទំហឹង ខ្ទេចមុខខ្លួនឯងទាំងស្រុងទៅមុខលែងរួច សំណាងមិនមានអ្នកធ្វើដំណើរណាម្នាក់រងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៥៖៤៥នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវខ្វែងជា៤ មុខបេនឡានក្រុង កំពង់ឆ្នាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩០ និង៩១ ស្ថិតនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
នគរបាលចរាចរក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរបង្កគ្រោះថ្នាក់នេះពាក់ផ្លាកលេខ ភ្នំពេញ 3B 3268 បើកបរក្នុងទិសដៅពីលិចបត់មកត្បូង លុះមក ដល់ចំណុចផ្លូវខ្វែង កៀនមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងយកចង្កូតមិនទាន់ ក៏បានជ្រុលទៅបុកនឹងរថយន្តយីឌុបភ្លៅ៥ ពាក់ស្លាកលេខ 3A 5658 ដែលបានបើកបរក្នុងទិសដៅ ពីត្បូងទៅជើង បុកបែកធុងសាំងខាងឆ្វេង និងបែកកង់ខាងឆ្វេងរបស់រថយន្តភ្លៅ៥នោះ ទៅមុខលែងរួចបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍នៅកន្លែងកើតហេតុ ជាង១ម៉ោងទាំងព្រឹកព្រលឹម។
នៅក្នុងករណីនេះនគរបាលក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនអ្នកបើកបររថយន្តក្រុងឈ្មោះ មុំ លីឆុង អាយុ ២១ឆ្នាំ មានស្រុកកំណើតភូមិច្រកជី ឃុំកំពែង ស្រុកគីរីវង្ស ខេត្តតាកែវ នាំយកទៅធ្វើការពិនិត្យទឹកនោមក្រែងមានសារធាតុញៀន ឬជាតិអាកុល។ ដោយឡែកអ្នកធ្វើដំណើរតាមរថយន្តក្រុងក្រោយពី កើតហេតុត្រូវបានរថយន្ត ១គ្រឿងផ្សេងទៀត មកសាងយកចេញពីកន្លែងកើតហេតុទាំងព្រឹកព្រលឹមផងដែរ។
ប្រភពដដែលបានឱ្យដឹងថា ករណីនេះមិនបង្កឱ្យមានអ្នករងរបួសនោះឡើយ ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានអូសយករថយន្តទាំង២គ្រឿង យកទៅការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕