Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីមុខងារសារណៈ ស្នើឲ្យអាជ្ញាធរខេត្តរតនគិរី បន្តរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីកុំឲ្យជំងឺនេះមានការឆ្លងដល់សហគមន៍

24-07-2020 15:12

(រតនគិរី)៖ រដ្ឋមន្រ្តីក្រសួងមុខងារសារណៈ លោក ព្រុំ សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើគ្រប់វិស័យក្នុងទឹកដី នៃខេត្តរតនគិរី ក្រោមការសាមគ្គីគ្នារបស់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យខេត្តក្នុងភូមិភាគឥសាន្តមួយនេះ ប្រែមុខមាត់ថ្មី មិនចាញ់បណ្តាខេត្ត នានានោះឡើយ។

ការកោតសរសើរនេះ ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញក្នុងពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការ និងបិទបញ្ជប់របាយការណ៍សវនកម្មផ្ទៃក្នុង មន្ទីរមុខងារសាធារណៈខេត្តរតនគិរី នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅអគារមន្ទីរមុខងារសាធារណៈ ខេត្តរតនគិរី។

លោករដ្ឋមន្ត្រី ព្រុំ សុខា បានលើកឡើងថា អ្វីៗជាសមិទ្ធិផលដែលខេត្តរតនគិរីសម្រេចបាននេះ គឺមិនអាចកាត់ផ្តាច់បានពីគុណូបការៈដ៏ថ្លៃថ្លារបស់ព្រឹទ្ធាចារ្យ ប៊ូ ថង ដែលជាស្ថាបនិកទីក្រុងបានលុងបានឡើយ។ លោកបន្តថា ព្រឹទ្ធាចារ្យ ប៊ូ ថង បានរួមចំណែកច្រើនណាស់ ក្នុងការកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាពិសេសខេត្តរតនគិរីតែម្តង។

លោក ព្រុំ សុខា ក៏បានលើកឡើងផងដែរ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសក្នុងស្ថានភាព នៃការរីករាលដាលជាសកលពីជំងឺកូវីដ-១៩។ បើទោះជាសេដ្ឋកិច្ចជាតិ រងផលប៉ះពាល់ពីជំងឺដ៏កាចសាហាវនេះ ក៏ពិតមែនតែមន្រ្តីរាជការស៊ីវិលគ្រូបង្រៀន និងកងកម្លាំងនៅតែបន្តនិរន្តភាពបើកប្រាក់បៀវត្ស យ៉ាងទៀងទាត់។

ជាងនេះទៅទៀត ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយជំងឺកូវីដ-១៩ ក៏ត្រូវបានរាជរដ្ឋាភិបាល គិតគូរយកចិត្តទុកដាក់ តាមរយៈការបញ្ចេញថវិការាប់រយលានដុល្លារ ឧបត្ថម្ភដល់ពួកគាត់ក្នុងកាលៈទេសៈ នៃវិបត្តិកូវីដ-១៩នេះ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី ព្រុំ សុខា ក៏បានស្នើឲ្យអាជ្ញាធរខេត្តរតនគិរី សូមបន្តរួមគ្នាប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ដើម្បីកុំឲ្យជំងឺនេះ មានការឆ្លងដល់សហគមន៍ និងត្រូវបន្តការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។

ដោយឡែកមន្រ្តីរាជការ មន្ទីរមុខងារសាធារណៈ សូមបន្តសាមគ្គីភាពផ្ទៃក្នុង និងត្រូវធ្វើជាសេនាធិការឲ្យថ្នាក់ដឹកនាំខេត្ត លើផ្នែកមុខងារសាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕