(កំពត)៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បាននាំបុគ្គលិកប្រមាណ៣០នាក់ រួមគ្នាជាមួយសហគមន៍ត្រពាំងសង្កែ និងមានការគាំទ្រ ពីមន្ទីរបរិស្ថានខេត្តកំពត បានរៀបចំកម្មវិធីដាំដើមកោងកាងចំនួន១០០០ដើម នៅដៃសមុទ្របរិវេណសហគមន៍ត្រពាំងសង្កែ ខេត្តកំពត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
កម្មវីធីនេះ រៀបចំឡើង ដើម្បីជំរុញឲ្យមានការអភិរក្សបន្តដាំដើមកោងកាង និងដើម្បីអបអរសាទរទៅនឹងទិវាអភិរក្សព្រៃកោងកាងពិភពលោក ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។
លោក ជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនទឹកពិសាវីតាល់ បានថ្លែងថា ដើមកោងកាងពិតជាតិមានសារសំខាន់ណាស់ សម្រាប់មនុស្សជាតិ។ ក្នុងនោះ ដើមកោងកាងមានតួនាទីជារបាំងការពារខ្យល់ព្យុះ នៅតាមឆ្នេរសមុទ្រ ហើយក៏ជាទីជំរករបស់ជីវៈមានជីវិតនៅក្នុងទឹក និងព្រមទាំងជាប្រភពទាក់ទាញភ្ញៀវទេសចរ ទៀតផង។
លោក ព្រំ វិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ការដាំដើមកោងកាងនៅថ្ងៃនេះ ជាការចូលរួមចំណែកដ៏សំខាន់ ពីសំណាក់ក្រុមហ៊ុនឯកជន ក្នុងការជួយអភិរក្សព្រៃកោងកាង និងរួមគ្នាថែរក្សាលើកកម្ពស់បរិស្ថាន។ លោកសង្ឃឹមថា សកម្មភាពនេះ នឹងជំរុញឲ្យមានការចូលរួមបន្ថែម ពីសំណាក់ក្រុមហ៊ុនឯកជន ក្នុងការរួមគ្នាអភិរក្សព្រៃកោងកាងបន្តទៅទៀត។
លោក ជុនហៀង ថាវសិទ្ធិ ក៏បានបន្តទៀតថា «ការរួមគ្នាដាំដើមកោងកាងនៅថ្ងៃនេះ បង្ហាញអំពីស្មារតីរួបរួម នៃមនុស្សជាតិ ដើម្បីលើកកម្ពស់បរិស្ថាន និងបង្កើតឲ្យមានការចង់ចាំ ដ៏ប្រពៃអំពីការតបស្នងរបស់មនុស្សជាតិចំពោះបរិស្ថានវិញ»។
ក្នុងឱកាសនោះ លោកប្រធានគ្រប់គ្រងទីផ្សារ នៃក្រុមហ៊ុនទឹកពិសាវីតាល់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមយល់ដឹងអំពី អត្ថប្រយោជន៍ដើមកោងកាង និងបន្តរួមគ្នាដាំ និងអភិរក្សដើមកោងកាងទាំងអស់គ្នា ដើម្បីសុខដុមរមនានៃបរិស្ថានជាតិ។
គូរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទឹកពិសាវីតាល់ បានតែងតែចូលរួមក្នុងសកម្មភាពសង្គម និងសប្បុរសធម៌ជាច្រើន ក្នុងនោះ មានដូចជាការដាំដើមឈើ ការផ្តល់អំណោយសប្បុរសធម៌ ការឧបត្ថម្ភកម្មវិធី និងការៀបចំកម្មវិធីផ្សេងៗទៀតជាច្រើនដើម្បីសង្គម៕