(ភ្នំពេញ)៖ ធនាគារ ABA ជាធនាគារពាណិជ្ជនាំមុខរបស់កម្ពុជា ផ្នែកហិរញ្ញវត្ថុឌីជីថល និងក្រុមហ៊ុន KESS Innovation Plc. ជាភាគីផ្តល់ដំណោះស្រាយ ការទូទាត់តាមហាង និងតាមអនឡាញ បានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងភាពជាដៃគូ ស្តីពីការផ្តល់សេវាទូទាត់ មិនប្រើសាច់ប្រាក់សម្រាប់ពាណិជ្ជករ ដោយប្រើប្រាស់ប្រព័ន្ធទូទាត់ ពាណិជ្ជកម្មអេឡិកត្រូនិក KESS ។
តាមរយៈភាពជាដៃគូនេះ អតិថិជនធនាគារ ABA នឹងអាចធ្វើការទូទាត់មិនប្រើសាច់ប្រាក់តាមហាង និងតាមអនឡាញទៅឲ្យពាណិជ្ជករដែលចាប់ដៃគូជាមួយក្រុមហ៊ុន KESS Innovation Plc.។ សម្រាប់ការទូទាត់តាមអនឡាញ អតិថិជនធនាគារ ABA អាចចុះឈ្មោះគណនីធនាគាររបស់ពួកគេជាមួយកម្មវិធី KESS និងទទួលបាន បទពិសោធទិញទំនិញដោយចុចតែ១គ្លីក (1-click) សម្រាប់ការទិញទំនិញនាពេលអនាគត។ សម្រាប់ការទិញទំនិញតាមហាង ពាណិជ្ជករ KESS និងប្រើប្រាស់ ដំណោះស្រាយទូទាត់តាមកូដ ABA QR គឺ ABA PAY។
លោក Sanzhar Abdullayev នាយកគ្រប់គ្រងកាត និងសេវាទូទាត់អេឡិកត្រូនិក បានថ្លែងថា «វិស័យពាណិជ្ជកម្មអេឡិកត្រូនិក កំពុងតែរីកចម្រើនឥឡូវនេះ ដោយសារស្ថានភាពទីផ្សារ និងការគាំទ្រផ្នែកបទប្បញ្ញត្តិ។ យើងមានសេចក្តីរីករាយក្នុងកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន KESS Innovation Plc. ក្នុងការផ្តល់ដំណោះស្រាយការទូទាត់មិនប្រើសាច់ប្រាក់របស់ធនាគារ ABA ទៅកាន់ពាណិជ្ជករកាន់តែច្រើននៅទូទាំងប្រទេស»។
លោកជឿជាក់ថា អតិថិជនប្រើប្រាស់កម្មវិធី KESS នឹងទទួលបានមធ្យោបាយងាយស្រួល ក្នុងការទូទាត់ថ្លៃផលិតផល និងសេវាកម្មនានាដោយគាំទ្រសហគ្រិន និងផលិតករក្នុងស្រុក និងក្នុងពេលជាមួយគ្នាជំរុញកម្ពុជាឲ្យក្លាយជាសង្គមដែល មានការទូទាត់ បែបឌីជីថល។
លោក ប៉េះ គឹមស៊្រាន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន KESS Innovation Plc បានថ្លែងថា ក្រុមហ៊ុន KESS Innovation Plc. មានសេចក្តីសោមន្សរីករាយ ក្នុងការចាប់ដៃគូជាមួយធនាគារ ABA។
លោកបានបន្ថែមទៀតថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យធនាគារ ABA និងក្រុមហ៊ុន KESS Innovation Plc. ពង្រីកកាន់តែទូលំទូលាយនូវសេវា ផ្ទេរប្រាក់ទូទាំងប្រទេស និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងសុវត្ថិភាព។
លោកបន្ថែមថា «កម្មវិធី KESS បន្ទាប់ពីកិច្ចប្រឹងប្រែងរយៈពេល៣ឆ្នាំ យើងជឿជាក់ថា ទីផ្សារឥឡូវនេះ មានភាពចាស់ទុំក្នុងការប្រើប្រាស់ ផលិតផលលេចធ្លោ របស់យើង៖ កម្មវិធី KESS CHAT។ កម្មវិធី KESS CHAT តភ្ជាប់កសិករ និងអ្នកប្រើប្រាស់ក្នុងស្រុក អ្នកលក់ទៅកាន់អ្នកផ្គត់ផ្គង់ ឲ្យទទួល WeChat/ Alipay/ Visa Card/ Mastercard»។
លោកបានបន្ដទៀតថា ប្រព័ន្ធទូទាត់រួមតែមួយ ដូចជា អ្នកលក់ច្រើន ការគ្រប់គ្រងសារពើភណ្ឌ សេវាដឹកជញ្ជូន ទូទាត់វិក្កយបត្រទឹក/ភ្លើង ឆាតជាមួយមិត្តភក្តិ/អ្នកលក់។
ប្រព័ន្ធទូទាត់ពាណិជ្ជកម្មអេឡិកត្រូនិក KESS និងកម្មវិធីទូរស័ព្ទ នឹងដាក់ដំណើរការ នៅខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។
គូសបញ្ជាក់ថា ក្រុមហ៊ុន KESS Innovation Plc ត្រូវបានបង្កើតឡើង ដោយសហគ្រិនមួយក្រុម និងជាក្រុមហ៊ុនដែលកាន់កាប់១០០% ដោយប្រជាជនកម្ពុជា ដែលមានគោលបំណង ជួយឲ្យអាជីវកម្មនានារីកចម្រើន។
សហស្ថាបនិកបេ្តជ្ញាចិត្ត បង្កើតប្រព័ន្ធទូទាត់មួយ ដែលមានសមត្ថភាពក្នុងការឆ្លើយតប នឹងតម្រូវការដែលវិវត្តយ៉ាងរហ័ស របស់អាជីវកម្មសកល ដែលរីកចម្រើន យ៉ាងលឿន។ ប្រព័ន្ធទូទាត់ KESS អនុញ្ញាតឲ្យសាជីវកម្ម/ ពាណិជ្ជករធ្វើការផ្ទេរ/ ទទួលការទូទាត់ក្នុងប្រព័ន្ធតែមួយបាន។ ផលិតផលរបស់ KESS មាន៖
១៖ ដំណោះស្រាយការទូទាត់សម្រាប់សាជីវកម្ម
២៖ ការទូទាត់តាមទូរស័ព្ទ
៣៖ ម្នាក់ទៅម្នាក់ទៀត
៤៖ សេវាទិញទំនិញអនឡាញ (B2B & B2C)។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ www.kesspay.com៕