(កំពង់ចាម)៖ ដោយសារកន្លងទៅ នៅទីប្រជុំជនផ្សារផ្អាវ មានការលក់ដូរគ្មានសណ្តាប់ធ្នាប់ ទើបនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបើកកិច្ចប្រជុំ ជាមួយមន្ត្រីពាក់ព័ន្ធ និងគណៈអាជីវករផ្សារផ្អាវ ដើម្បីរកវិធានការ រៀបចំសណ្តាប់ធ្នាប់ទីប្រជុំជនផ្សារនោះ ឲ្យមានសណ្តាប់ធ្នាប់ល្អឡើងវិញ។
តាមអភិបាលស្រុកបាធាយ លោក ផេន សុផល បានឲ្យដឹងថា នៅក្នុងផ្សារផ្អាវមានជាង២០០តូប ដោយឡែក នៅផ្នែកខាងក្រៅផ្សារ ជាប់នឹងដងផ្លូវលេខ៦ នឹងផ្លូវសម្ដេចតេជោ មានជាង៥០គ្រែលក់មុខផ្សារ និងក្រោយ១០ផ្ទះ និងកន្លែងលក់ត្រី មាន១៥០កន្លែង។ ហើយកន្លែងលក់ ដែលបង្កភាពអណាធិបតេយ្យ គឺមានជាង ១០០កន្លែងអមសងខាងផ្លូវ សម្តេចតេជោ ខាងកើត និងខាងលិច។ ចំណែកជាប់ផ្លូវលេខ៦ មានជាង៨០កន្លែង ដែលក្នុងនោះ មានការធ្វើសំយ៉ាបខិតមកថ្នល់ ដែលបង្ករឲ្យមានការបាត់សោភ័ណភាព នៅទីប្រជុំជនផ្សារនេះផងដែរ ។
បន្ទាប់ពីបានពិភាក្សាលើបញ្ហាខាងលើ ថ្វីត្បិតតែមានភាពស្មុគស្មាញច្រើន ប៉ុន្តែអភិបាលខេត្តកំពង់ចាម បានដាក់ចេញវិធានការ ឲ្យលោកអភិបាលរងខេត្ត លោក អ៊ុភឿន គុណវុឌ្ឍ ដឹកនាំក្រុមការងារ បើកប្រតិបត្តិការចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០តទៅ ដើម្បីដោះស្រាយរៀបចំ សណ្តាប់ធ្នាប់ផ្សារនេះ ឲ្យបានចប់សព្វគ្រប់ មុនពេលឆ្លងឆ្នោំ២០២០នេះ៕