(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ អញ្ជើញចូលរួមសំណេះសំណាល របស់ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា ជាមួយប្រជាពលរដ្ឋចំនួន ប្រមាណជាង៧០០នាក់ នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម និងភូមិអញ្ចាញ សង្កាត់នគរធំ នៃក្រុងសៀមរាប។
លោកអភិបាល ឃឹម ប៊ុនសុង បានថ្លែងឲ្យដឹងថា ដោយសារការអភិវឌ្ឍន៍មានការរីកចំរើន សេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក៏ត្រូវការបន្ថែម ហើយបញ្ហាអគ្គិសនី គឺជាសេក្តីត្រូវការមួយដែលមិនអាចខ្វះបាន សំរាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងផែនការអគ្គិសនី កន្លងទៅនេះ មានគម្រោងជាច្រើន នៅក្នុងក្រុងសៀមរាប សំរាប់តភ្ជាប់បណ្តាញ សំរាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ប៉ុន្តែដោយសារថា ទីតាំងមួយចំនួនស្ថិតនៅក្នុងតំបន់អភិរក្ស នៃអាជ្ញាធរអប្សរា ចាំបាច់ឲ្យមានការសិក្សាច្បាស់លាស់ដើម្បីកុំអោយខូចខាតនិង ប៉ះពាល់ដល់ បេតិកភ័ណ្ឌពិភពលោក ដូចជានៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម និងភូមិអញ្ចាញសង្កាត់នគរធំជាដើម ដែលភូមិទាំងពីរនេះ បានធ្វើពិធីបើកការដ្ឋានពង្រីក បណ្តាញអគ្គិសនីរួចតាំងពីខែកក្កដា ឆ្នាំ២០១៣កន្លងមកនេះ។
លោកបន្តថា នៅក្នុងផែនការអង្គភាពអគ្គិសនីខេត្ត នៅក្នុងក្រុងសៀមរាប មានសង្កាត់ចំនួន០៦ និងភូមិចំនួន២២ ដែលស្ថិតនៅក្នុង តំបន់អាជ្ញាធរអប្សរា ពុំទាន់មានបណ្តាញអគ្គិសនីរដ្ឋ ប្រើប្រាស់នូវឡើយ ដែរជាសំណូមពររបស់ ប្រជាពលរដ្ឋឲ្យជួយដោះស្រាយ៕