(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យ និងរឹតបន្តឹងបន្ថែមទៀត ដល់ក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនធំៗ បន្ទាប់ពីពិនិត្យឃើញថា នាពេលកន្លងមកនេះ អ្នកបើកបរទាំងនោះមានសារធាតុញៀនគ្រឿងញៀន រហូតដល់២៥ ទៅ៣០ភាគរយនោះ។
ការជំរុញបែបនេះ របស់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានធ្វើឡើងបន្ទាប់ពីបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីលទ្ធផលត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០នេះ នាទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ។
ពាក់ព័ន្ធនឹងចំណុចនេះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានលើកឡើងថា បើតាមការពិនិត្យរបស់មន្រ្តីចម្រុះទាក់ទងនឹងអ្នកបើកបរ នៅក្នុងរយៈពេល០៦ខែ ដើមឆ្នាំនេះ គឺមានអ្នកបើកបររថយន្ត រហូតដល់ជាង ២,០០០នាក់ ហើយក្នុងនោះប្រហែលជិត៧០០នាក់ ពិនិត្យឃើញនូវសារធាតុញៀន ហើយករណីនេះបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពសង្គម និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើមនោះ។
ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្នករណីគ្រឿងញៀន បានរីករាលដាលនៅតាមមូលដ្ឋានច្រើនគួរឱ្យព្រួយបារម្ភ ហើយដើម្បីកាត់បន្ថយនូវការរីករាលដាលនេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តរួបរួមគ្នាបន្ថែមទៀត ក្នុងការទប់ស្កាត់ និងកុំមានការលាក់បាំង បន្ទាប់ពីដឹងថាកន្លែងនោះមានករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនជាដើមនោះ។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ បានបញ្ជាក់បន្ថែមថា ជាក់ស្ដែងក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ទន្ទឹមនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការទប់ស្កាត់ការឆ្លងរាតត្បាត ពីជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ត្រូវបានចាត់តាំងអនុវត្ត យ៉ាងសកម្មនូវវិធានការ គន្លឹះទាំង៥ ទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់។ ដូច្នេះទាំងអស់នេះ បញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា បើទោះបីជាអាជ្ញាធរគ្រឿងញៀន បានខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏នៅតែបន្ដប្រឈម នឹងបញ្ហាជាសត្យានុម័ត និងថ្មីៗថែមទៀត ដែលទាមទារឱ្យត្រូវខិតខំប្រឹងប្រែងជាបន្ដទៀត៕